ក្រសួងសុខាភិបាល សហការជាមួយ KOICA បើកដំណើរការគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ នៅខេត្តរតនគិរី
23-03-2026 16:44
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រកាសបើកដំណើរការជាផ្លូវការនូវ «គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយនៅខេត្តរតនគិរី» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ពិធីបើកដំណើរការនេះ បានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តរតនគិរី ស្ថាប័នទទួលផល រួមមាន មន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកកូនមុំ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកចក្ខុវិស័យរបស់គម្រោង និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការសហការគ្នា។
លោកស្រី Moon Jung Choi នាយិកាការិយាល័យ KOICA ប្រចាំកម្ពុជា បានរំលឹកអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ខេត្តរតនគិរី។ ហើយលោកស្រី បានថ្លែងថា «ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពធន់ និងភាពកក់ក្តៅរបស់ប្រជាជននៅទីនោះ។ ប៉ុន្តែជាមួយគ្នានោះ ខ្ញុំក៏បានឃើញការចំណុចខ្វះខាតមួយចំនួន ដូច្នេះគម្រោងនេះ គឺជាអ្វីដែលខ្ញុំជឿថា អាចជួយផ្លាស់ប្តូរពីភាពជាក់ស្តែងនោះបាន»។
លោកស្រីបន្តថា គម្រោងនេះមិនមែនគ្រាន់តែសាងសង់មន្ទីរពេទ្យទេ ប៉ុន្តែគឺសាងសង់ប្រព័ន្ធសុខាភិបាលដែលប្រសើរជាងមុន សម្រាប់ប្រជាជននៅខេត្តរតនគិរី។
លោកស្រី Choi បានបន្ថែមថា ការសហប្រតិបត្តិការអភិវឌ្ឍន៍ មានអត្ថន័យខ្លាំងបំផុត នៅពេលវាប្រែក្លាយជាការកែលម្អជាក់ស្តែងក្នុងជីវិតរបស់ប្រជាជន។ ដូច្នេះ«យើងមានទំនុកចិត្តថា ដល់ឆ្នាំ២០៣០ ប្រជាជននៅខេត្តរតនគិរី នឹងអាចទទួលបានសេវាសុខាភិបាល ដែលងាយស្រួលចូលដំណើរការ មានសមភាព និងគោរពសក្តានុពលមនុស្សកាន់តែប្រសើរ»។
ជាមួយគ្នានេះ KOICA បានបង្ហាញក្តីរំពឹងថា គម្រោងនេះនឹងបង្កើនការចូលដំណើរការសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាជននៅខេត្តរតនគិរី ខណៈពង្រឹងសមត្ថភាពស្ថាប័នមូលដ្ឋាន ដែលជាគ្រឹះសម្រាប់ប្រព័ន្ធសុខាភិបាលមានភាពចីរភាព និងមានភាពធន់ខ្ពស់។
នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រដែលបន្ត»។
លោកបានបន្ថែមថា ជាមួយនឹងការប្តេជ្ញាហិរញ្ញវត្ថុប្រមាណ ៧ លានដុល្លារអាមេរិក គម្រោងនេះតំណាងឲ្យសញ្ញានៃការជឿទុកចិត្ត និងភាពរួបរួមគ្នា ដោយផ្តោតទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពធនធានមនុស្ស។
លោកបានបញ្ជាក់ទៀតថា គម្រោងនេះនឹងជួយបង្កើនការចូលដំណើរការសេវាសុខាភិបាលនៅតំបន់ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ និងជំរុញការអភិវឌ្ឍរបស់កម្ពុជាទៅរកការគ្របដណ្តប់សុខភាពជាសកល (UHC)។
សូមជម្រាបថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ជាមួយថវិកាសរុបប្រមាណ ៧លានដុល្លារអាមេរិក ប្រើប្រាស់វិធីសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតខេត្ត ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ការផ្តល់សេវា និងការគ្រប់គ្រង។ សកម្មភាពសំខាន់ៗ រួមមាន ការសាងសង់អគារទំហំ ១,២០១ម៉ែត្រការ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងអគារទំហំ ២៧៩ម៉ែត្រការ៉េ នៅមន្ទីរពេទ្យបង្អែកកូនមុំ ព្រមទាំងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់។ គម្រោងក៏នឹងគាំទ្រការគ្រប់គ្រងមន្ទីរពេទ្យ និងការកែលម្អគុណភាពសេវា តាមរយៈសេវាពិគ្រោះយោបល់បច្ចេកទេស ខណៈដែលផ្តល់កម្មវិធីបណ្តុះបណ្តាលសមត្ថភាពជាប្រព័ន្ធសម្រាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងវិស្វករឧបករណ៍វេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏មានសកម្មភាពនៅកម្រិតសហគមន៍ ដើម្បីបង្កើនការយល់ដឹងអំពីសុខភាពសាធារណៈ និងពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋានផងដែរ។
ដោយផ្អែកលើលទ្ធផលជោគជ័យនៃដំណាក់កាលមុន (ឆ្នាំ២០១៩–២០២៣) ដែលបានកាត់បន្ថយយ៉ាងសំខាន់នូវតម្រូវការដែលមិនទាន់បានបំពេញក្នុងសេវាសុខភាពមាតា និងបង្កើនកម្រិតពេញចិត្តរបស់អ្នកជំងឺ គម្រោងនេះតំណាងឲ្យការពង្រីកបន្ថែមឆ្ពោះទៅរកវិធីសាស្ត្រពង្រឹងប្រព័ន្ធសុខាភិបាលដែលមានការរួមបញ្ចូល និងគ្របដណ្តប់ទាំងមូល។
គម្រោងនេះ ត្រូវបានអនុវត្តដោយ National Medical Centerសហការជាមួយ Team Sailors ដោយបញ្ចូលជំនាញបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ជាមួយសមត្ថភាពអនុវត្តការងារនៅតំបន់ជាក់ស្តែង៕









