អាហារូបករណ៍សម្តេចតេជោ ជួយឱ្យសិស្សក្រីក្រនៅកោះកុង បញ្ចប់ថ្នាក់បរិញ្ញា និងមានការងារល្អ

23-03-2026 22:10

(កោះកុង)៖ កញ្ញា ជា គឹមសាន ជាអតីតនិស្សិតអាហារូបករណ៍ អ.ម.ត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្រ្ត នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកោះកុង។ បច្ចុប្បន្ន គឹមសាន កំពុងបម្រើការងារក្នុងស្ថាប័នឯកជនមួយ ដែលការងារនេះបានជួយលើកកម្ពស់ជីវភាពគ្រួសារបានកាន់តែប្រសើរឡើង។

កញ្ញា បានគោរពថ្លែងអំណរអរគុណជាអនេកប្បការជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ អាហារូបករណ៍នេះ មិនត្រឹមតែបានជួយសម្រាលបន្ទុកគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយផ្គត់ផ្គង់សម្ភារសិក្សា និងជួយបំផុសស្មារតីដល់យុវនិស្សិត ក្នុងការរួមចំណែកលើកកម្ពស់កិច្ចការងារសង្គម ព្រមទាំងជួយឱ្យសម្រេចក្តីស្រម៉ៃរបស់និស្សិតក្នុងការទទួលបានការរៀនសូត្ររហូតចប់ជាស្ថាពរ និងទទួលបានអនាគតដ៏ភ្លឺស្វាង៕