ក្រសួងដែនដី ប្រកាសបន្តទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធ ជូនអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine)
24-03-2026 13:05
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនអតិថិជនទាំងអស់របស់គម្រោង ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅភូមិស្លុកស្លាត និងភូមិត្រពាំងពោធ៍ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine) ដែលស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យជ្រាបថា ក្រសួងនឹងបន្តទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធ អតិថិជនដែលបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និងផ្ទះគ្រប់ចំនួន ១០០%។
ការបន្តទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធ ជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។
២. វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ដើម)។
៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។
ទន្ទឹមគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕




























































