លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម រោងចក្រ សហគ្រាសតូចធំ ពលរដ្ឋមានការងារធ្វើ បានមកពីមានសន្តិភាព
24-03-2026 14:27
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម រោងចក្រ សហគ្រាសតូចធំ ពលរដ្ឋមានការងារធ្វើ បានមកពីប្រទេសមានយើងសន្តិភាព។
លោកបានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសលោក និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលា និងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស ប្រម៉ាណជិត ៣០០នាក់។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា «សមិទ្ធផលជាច្រើនដែលកើតមានឡើងនៅក្នុងមូលដ្ឋានតាំងពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនាជាច្រើនបាន បង្ហាញឱ្យឃើញពីកត្តាដ៏សំខាន់ប្រាកដមួយកើតចេញ"សន្តិភាព" ពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម បានយកសាច់ស្រស់ ឈាមស្រស់ និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាមបច្ចុប្បន្ន បន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រក្សាបាននូវសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនាមយើងជាពលរដ្ឋចងចាំមិនភ្លេចនៅពាក្យ"អរគុណសន្តិភាព"ដល់សព្វថ្ងៃនេះ»។
លោកបណ្ឌិត បានបន្តថា ក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។ ការអភិវឌ្ឍទាំងនេះ គឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាក់ស្តែង ខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃនេះមានប្រមាណ ១ ៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីប្រម៉ាណជាង ៣០ម៉ឺននាក់កំពុងធ្វើការ។
លោកបណ្ឌិត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។
ជាមួយការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ វិស័យពុទ្ធចក្រក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលបង្ហាញឱ្យឃើញច្បាស់ វិស័យទាំង២នេះ ពិតជាមានទំនាក់ទំនងគ្នាល្អណាស់ ក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ពិសេសផ្ដោតសំខាន់ទៅលើការអប់រំព្រះធម៌ និងជួយបំពេញចន្លោះបន្ថែម សំដៅឆ្ពោះទៅកាន់ការកសាង សង្គមមួយប្រកបដោយធនធានមនុស្សមានបញ្ញាញាណខ្ពស់ មានក្រមសិលធម៌ មានសុជីវធម៌ គុណធម៌ មេត្តាធម៌ ដែលស្របតាមឱវាទរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើង៕























