អភិបាលខេត្តកំពង់ស្ពឺ និងមេបញ្ជាការអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)
24-03-2026 14:29
(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ព្រមទាំងប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើស ថ្មីផងដែរ ដែលធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការបានលើកឡើងពីលក្ខខណ្ឌក្នុងការជ្រើសរើសទព័ ព្រមទាំងលើកឡើងពីសកកម្មភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងតួនាទីការពារប្រជាពលរដ្ឋ ព្រមទាំងបានលើកពីគុណប្រយោជន៍ចំពោះលេខអន្តរាគមន៍ (Hotline 1292)។
លោកមេបញ្ជាការ បានថ្លែងអំណរអរគុណចំពោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរហូតមក។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជាពិសេសបានផ្តាំផ្ញើ ដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសត្ថភាព សាម៉ីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានណែនាំក្មួយៗដែលជាយោធិនទើបជ្រើសរើសថ្មីឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ឲ្យបានល្អដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង ព្រោះក្មួយៗជាកម្លាំងដែលជាឆ្អឹងខ្នងនៃសន្តិសុខជាតិ កងកម្លាំងរឹងមាំប្រទេសជាតិ មានសន្តិភាព មានការរីកចម្រើន រុងរឿងទៅមុខបាន។
ជាចុងក្រោយមុននឹងបញ្ចប់នៃកម្មវិធី លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រគល់ជូននូវថវិកា អាវរងារ និងជូនបាច់ផ្កាអនុស្សាវរីយ៍ និងសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ និងហូបចុក ពេលទៅហ្វឹកហ្វឺនរៀនសូត្រដោយក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកាចំនួន៨០,០០០រៀល, អាវរងារចំនួន ០១អាវ, មីចំនួន០១កេស, ទឹកបរិសុទ្ធចំនួន០១កេស ថែមទៀតផងដែរ៕






















































