សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក យាងជួបសំណេះសំណាល សួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយជូនវីរៈនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ
24-03-2026 15:09
(ព្រំដែន)៖ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាងជួបសំណេះសំណាល សួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយជូនវីរៈកងកម្លាំងនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-ឡាវ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំ ទិសភូមិភាគទី៣ ទី៤ និងទី៥ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ទទួលព្រះរាជវត្តមានសោមនស្សរីករាយយ៉ាងក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត។
នៅក្នុងកម្មវិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ សួនសុភី សសុខា តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក លោកស្រី ប្រតិភូអមដំណើរជាច្រើននាក់ផ្សេងទៀត។
សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមាន៖ ថវិកា៥០លានរៀល សំរាប់អង្គភាព និងថវិកា៤លានរៀល សំរាប់កម្លាំងចូលរួម, អង្ករ ៥តោន, ទឹកបរិសុទ្ធ ១៨០០កេស, មី ៥០០កេស, ត្រីខ ១០៤កេស, ទឹកត្រី ២៥០យួរ, ទឹកស៊ីអុីវ ២៥០យួរ, នំកូរ៉េ ៥ កេស, ប្រហុក ៦ កេស, អំបុកសាច់ផាត់ ៥ កេស, បាយរំលីងសាច់អាំង ៥កេស, សាច់ផាត់ ១កេស, នំ900 100កេស, អំបុក ៦កេស, ចេកឆាប ២កេស, សូឡា និងផៅវើបេង ១០ឈុត, ម៉ាសការពារផ្សែងពុល៥០០ និងអាហារក្រៀម ៣០០កញ្ចប់៕

















