កម្ពុជា និងសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា លើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា (Video inside)

24-03-2026 16:02

(ភ្នំពេញ)៖ ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់បច្ចេកវិទ្យា» ដើម្បីលើកកម្ពស់ការចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលា​នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា​ «កម្មសិទ្ធិបញ្ញាគឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយកិច្ចសហប្រតិបត្តិការជាមួយ អង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។»

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែង។

លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងថា កម្មសិទ្ធិឧស្សាហកម្មជាផ្នែកមួយដ៏មានសារៈសំខាន់សម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើតផលិតកម្មឧស្សាហកម្មថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ និងធ្វើឱ្យកាន់តែរីកចម្រើន និងធានាបាននូវការការពារកម្មសិទ្ធិ ស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។

លោកគូសបញ្ជាក់ទៀតថា ប្រព័ន្ធនៃការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្មជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ និងផ្តល់ភាពកក់ក្តៅ និងទំនុកយ៉ាងរឹងមាំដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកច្នៃម៉ូដទាំងអស់ ដែលបានប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួនដើម្បីច្នៃប្រឌិត បង្កើតនូវផលិតផលថ្មីៗ ក្នុងការប្រកួតប្រជែងផលិតផលលើទីផ្សារក្នុង ប្រទេស តំបន់ និងអន្តរជាតិ ជៀសវាងការលួចក្លែងបន្លំផលិតផល ដែលបានចុះបញ្ជីការពារកម្មសិទ្ធិបញ្ញារួចហើយ។

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហត្ថទ័យប៉ែន បានលើកឡើងថា ការគ្រប់គ្រងទៅលើកម្មសិទ្ធិបញ្ញា គឺមានសារៈសំខាន់ណាស់សម្រាប់ការផលិតក្នុងស្រុក ​ ដើម្បីការពារការលួចចម្លងម៉ាកផលិតផល ដែលនាំឱ្យប៉ះពាល់ដល់ម្ចាស់ម៉ាក និងធ្វើឱ្យការធ្វើអាជីវកម្មរបស់ម្ចាស់ដើម​រងការខាតបង់។​ ហើយការលួចម្លងម៉ាកនេះ ក៏ប៉ះពាល់ដល់ការទាក់ទាញវិនិយោគបរទេសផងដែរ។

លោកលើកឡើងបន្តថា «សូមសំណូមពរទៅដល់អ្នកដែលលួចចម្លងគួរតែប្តូរគំនិត ​គួរតែបង្កើត និងបង្ហាញអ្វីដែលជាស្នាដៃរបស់ខ្លួន។ កន្លងមកឃើញមានការលួចចម្លងច្រើន ហើយ​ដំបូងៗ ខ្ញុំក៏ធ្លាប់ត្រូវបានគេលួចចម្លងផងដែរ។» ​

សិក្ខាសាលាស្តីពី «ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម និងកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់បច្ចេកវិទ្យា» ​ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និងចំណាយ, ចែករំលែកបទពិសោធន៍ល្អពីសិង្ហបុរី ក្នុងការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញាតាមស្តង់ដាអន្តរជាតិ, និងពង្រឹងការយល់ដឹងរបស់អាជីវកម្ម និងនវានុវត្តន៍ករ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់។​

កិច្ចសហប្រតិបត្តិការរវាង​កម្ពុជានិងសិង្ហ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ បានទទួលលទ្ធផលសំខាន់ៗ រួមមាន៖ ការចុះអនុស្សរណៈនៃការយោគយល់ស្តីពីកម្មសិទ្ធិឧស្សាហកម្ម (២០១៥), ការបន្តសុពលភាពការចុះអនុស្សរណៈនៃការយោគយល់ជាបន្តបន្ទាប់ (២០២០–២០២៥ និង ២០២៥–២០៣០), ការទទួលស្គាល់ទៅវិញទៅមកលើប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម, ការជ្រើសរើស IPOS ជាអាជ្ញាធរពិនិត្យ និងស្រាវជ្រាវ, ការកសាងសមត្ថភាពមន្ត្រីតាមរយៈកម្មវិធីបណ្តុះបណ្តាល​៕