អាជ្ញាធររាជធានីភ្នំពេញ ណែនាំម្ចាស់ទីតាំងបុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅត្រូវស្វែងយល់ឲ្យបានច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ.បក
24-03-2026 16:08
(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងបុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះនឹងប្រឈមការផាកពិន័យធ្ងន់ធ្ងរហើយមានទោសទណ្ឌថែមទៀត។
ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ខណៈដែលលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាធិបតីភាព ក្នុងពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យ លេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ហ៊ុន សុរិទ្ធី បានគូសបញ្ជាក់ថា ការបង្កើតឲ្យមានពិធីផ្សព្វផ្សាយស្តីពីអនុក្រឹត្យ លេខ០៣ អនក្រ.បកខាងលើ ជាមួយនិងការបង្កឲ្យមានការចោទជាសំណួរ ពីម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅដ្ឋានស្នាក់នៅ ក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណងឲ្យបានយល់ច្បាស់ ពីអនុក្រឹត្យ លេខ០៣ អនក្រ.បក នេះ ជៀសវាងឲ្យបាននូវការផាកពិន័យធ្ងន់ធ្ងរ និងការមានទោសទណ្ឌ។
លោកបានបន្ថែមថា អនុក្រឹត្យ លេខ០៣ អនក្រ បក នេះ បើម្ចាស់ទីតាំងជួលឲ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខាន មិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យ ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ចុះបើ១០ទៅ ២០នាក់ ថាតើនឹងអស់លុយប៉ុន្មាន។ ដូច្នេះសូមម្ចាស់ទីតាំងស្វែងយល់ឲ្យបានច្បាស់ពីអនុក្រឹត្យនេះ ជៀសវាងទទួលការផាកពិន័យធ្ងន់ធ្ងរហើយ មានទោសទណ្ឌថែមទៀត។
ក្នុងឱកាសនោះ លោក ឆាយ វីរៈ បានលើកឡើងថា រាជរដ្ឋាភិបាលបង្កើតឲ្យមានអនុក្រឹត្យ លេខ០៣ អនក្រ បក នេះឡើង គឺក្នុងគោលបំណងសម្រួល ដល់ការអនុវត្ត កិច្ចប្រតិបត្តិការរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ការអញ្ជើញមកស្តាប់នៅពេលនេះ គឺដើម្បីឲ្យបានយល់ច្បាស់ពីអនុក្រឹត្យ លេខ០៣ អនក្រ បកនេះ ហើយបើមានការសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ជៀសវាងឲ្យបាននូវការផាកពិន័យធ្ងន់ធ្ងរ និងការមានទោសទណ្ឌ។
សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឲ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យ ចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែស។
សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅ ក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕




























