អ្នកជម្រះបញ្ជី ប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារ ផេនដា ទៅឱ្យគ្រឹះស្ថានធនាគារ និងហិរញវត្ថុ ដើម្បីធានាបាននូវផលប្រយោជន៍ជាអតិបរមា ដល់អ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុល (Video inside)

24-03-2026 17:22

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីឲ្យធនាគារផេនដា ខមមើសល ប៊ែង ម.ក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ពីការប្រកាសលក់កញ្ចប់ឥណទានរបស់ធនាគារ ទៅឲ្យគ្រឹះស្ថានធនាគារ និងហិរញវត្ថុ ដើម្បីធានាឲ្យបានជាអតិបរមានូវផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ និងម្ចាស់បំណុលរបស់ធនាគារ។

នីតិវិធីនៃការលក់កញ្ចប់ឥណទាននេះ នឹងត្រូវធ្វើឡើងតាមរយៈការចរចាលើលក្ខខណ្ឌវិជ្ជាជីវៈ និងការដេញថ្លៃ (Bidding) ប្រកបដោយតម្លាភាព។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមដេញថ្លៃកញ្ចប់ឥណទានខាងលើ សូមទំនាក់ទំនងមកការិយាល័យអ្នកជម្រះបញ្ជីដែលមានអាសយដ្ឋានស្ថិតនៅសាខាទួលគោក របស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក អាគារលេខ៦២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទូរស័ព្ទទំនាក់ទំនងលេខ 096 323 1888 ដើម្បីដាក់លិខិតចូលរួមដេញថ្លៃ ស្របតាមនីតិវិធីនៃការលក់កញ្ចប់ឥណទានខាងលើ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៦។

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលជាអ្នកជម្រះបញ្ជីឲ្យ ធនាគារផេនដា ខមមើសល ប៊ែង ម.ក ក៏សូមជូនដំណឹងដល់អតិថិជន ដែលបានខ្ចីប្រាក់ពីធនាគារផេនដា ខមមើសល ប៊ែង ម.ក មេត្តាជ្រាបផងដែរថា ការលក់កញ្ចប់ឥណទានខាងលើគឺ ជាការអនុវត្តដំណើរការជម្រះបញ្ជី ហើយអតិថិជន ដែលបានខ្ចីប្រាក់ពីធនាគារត្រូវ បន្តអនុវត្តកាតព្វកិច្ចបង់ប្រាក់កម្ចីស្របតាមច្បាប់ បទប្បញ្ញត្តិ និងកិច្ចសន្យាឥណទានដដែល ហើយរាល់ទ្រព្យបញ្ចាំ និងឯកសារពាក់ព័ន្ធនឹងកម្ចីទាំងអស់ នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕