ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តីឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារ ដោយឈរលើគោលការណ៍ 3H (Head, Heart, Hand)

24-03-2026 21:35

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារ ដោយឈរលើគោលការណ៍ 3H (Head, Heart, Hand) សំដៅបង្កើន ផលិតភាព គុណភាព និងសមិទ្ធកម្មការងារ ព្រោះថាបច្ចុប្បន្នប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៃការគំរាមកំហែងដល់អត្ថិភាពជាតិ។

ដូចនេះ យើងមិនអាចធ្វើការដូចទម្លាប់ធម្មតាពីមុនមកបានទេពោលគឺយើងទាំងអស់គ្នាត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ចេះឈឺឆ្អាល ចែករំលែក និងចេះហ៊ានលះបង់ឱ្យលើសពីធម្មតា ដើម្បីប្រទេសជាតិ និងត្រូវបន្តខិតខំបំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិន័យការងារ ដោយរួមទាំងការគោរពម៉ោងពេលធ្វើការងារ និងរបបសុំច្បាប់ឈប់សម្រាកជាដើម។

ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គភាពក្រោមឱវាទ ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញមុខងារនិងភារកិច្ច ដោយសម្រេចបាននូវសមិទ្ធផលលេចធ្លោសំខាន់ៗជូនប្រទេសជាតិ និងប្រជាជន ក្នុងរយៈពេលកន្ល ងមក។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងអំណរគុណចំពោះការចូលរួមស្តាប់របាយការណ៍ សមិទ្ធផលការងារ បញ្ហាប្រឈម ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការបំពេញមុខងារនិងបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពិសេសលើមូលបទនិងប្រធានបទនៃសន្និបាត ព្រមទាំងការចូលរួមជាទស្សនៈ និងធាតុចូលសំខាន់ៗ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចនិងការកែទម្រង់ស្ថាប័ន គោលការណ៍ក្នុងការកសាងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើគ្រប់តំណាងក្រសួង ស្ថាប័នឱ្យបង្កើនកិច្ចសហការកាន់តែសកម្ម លើការអនុវត្តមុខងារស្នូល និងមុខងារសម្របសម្រួលរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ពិសេសលើការងារកែទម្រង់ច្បាប់ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ព្រមទាំងការពង្រឹងគុណភាពនៃការអនុវត្ត RIA ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារសំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ សិក្សាស្រាវជ្រាវ ស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់ខ្មែរយើង និងដកពិសោធន៍ពីមេរៀនអតីតកាល បណ្ដុះគំនិតអភិវឌ្ឍខ្លួនឯង បន្តរៀនសូត្រ បង្កើនសមត្ថភាព ចំណេះដឹង និងជំនាញឱ្យបានពូកែរួមគ្នាជាធ្លុងមួយទាំងកងទ័ព មន្ត្រីរាជការ ប្រជាជន ទាំងរាជរដ្ឋាភិបាលជាកម្លាំងតែមួយ ក្នុងស្មារតីសាមគ្គីភាព ឯកភាពជាតិ និងមានវិន័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ ឱ្យបានរឹងមាំ និងរីកចម្រើន ប្រកបដោយភាពធន់ ចីរភាព និងនិរន្តរភាព។

សូមជម្រាបជូនថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយបានពិភាក្សាលើមូលបទចំនួន៤ ទី១. ការជំរុញប្រសិទ្ធភាពតាក់តែងច្បាប់និងលិខិត បទដ្ឋានគតិយុត្ត និងការ សម្របសម្រួលកិច្ចប្រជុំពាក់ព័ន្ធនៅទីស្ដីការគណៈរដ្ឋមន្រ្តី ទី២. ចំណាត់ការរបស់រាជរដ្ឋាភិបាល ចំពោះសង្រ្គាមកម្ពុជា-ថៃ និងវិធានការគាំទ្រសម្រាប់ជនរងគ្រោះ និងជនភៀសសឹក ទី៣. ការប្រារព្ធខួបទី១០០ឆ្នាំ នៃការបង្កើតបណ្ណសារដ្ឋានជាតិ នៃកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងផែនការយុទ្ធសាស្រ្តធ្វើទំនើបកម្ម បណ្ណសារជាតិសម្រាប់ រយៈពេល១៥ឆ្នាំ (២០២៦- ២០៤០) ទី៤. កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី និងបានបង្ហាញនូវវឌ្ឍនភាព និងលទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង១០ ព្រមទាំងក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការ និងអង្គភាពផ្សេងទៀតក្រោមឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តីសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី និងជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏ដូចជាការងារកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច និងកម្មវិធីកែទម្រង់នានា ព្រមទាំងការដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពការងារជាច្រើនទៀត។ ទន្ទឹមនេះ អង្គសន្និបាតក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់ឆ្នាំ២០២៦ ចំនួន១៩ចំណុច ដើម្បីធានាឱ្យផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក៏ដូចជាកម្មវិធីកែទម្រង់នានាឱ្យសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក៕