ទេសរដ្ឋមន្ត្រី ថោង ខុន បើកសិក្ខាសាលាពិគ្រោះយោបល់ពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង

24-03-2026 22:14

(កំពង់ធំ)៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។

ដោយមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍, តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្តពាក់ព័ន្ធចំនួន៦ (សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង) ព្រមទាំងវិស័យឯកជនប្រមាណជាង ១០០នាក់។

គោលបំណងនៃសិក្ខាសាលាដែលមានរយៈពេល០២ថ្ងៃ (២៤-២៥ មីនា ២០២៦)នេះ គឺដើម្បីប្រមូលធាតុចូល និងមតិយោបល់កែលម្អពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំ «កញ្ចប់ទស្សនកិច្ចទេសចរណ៍» ដែលអាចទាក់ទាញភ្ញៀវទេសចរបានពិតប្រាកដ។ លទ្ធផលរំពឹងទុកពីសិក្ខាសាលានេះ គឺការតភ្ជាប់ខេត្តទាំង៦ ក្លាយជា «គោលដៅខ្សែទស្សនកិច្ចតែមួយកម្រិតតំបន់ (Single Regional Destination)» ដើម្បីពង្រឹងកម្លាំងប្រកួតប្រជែងរបស់កម្ពុជាឱ្យឈររឹងប៉ឹងជា «គោលដៅទស្សនាទោល (Stand-alone Destination)» ប្រកបដោយឯករាជ្យភាព។

ការរៀបចំខ្សែទស្សនាចរណ៍នេះធ្វើឡើងស្របតាម៖

ទី១. «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» ក្នុងវិធានការទី១១ បង្កើនសហថាមភាពរវាងខេត្តសៀមរាប និងគោលដៅអាទិភាពរបស់កម្ពុជា ត្រង់ចំណុចបង្កើតសៀគ្វីទេសចរណ៍ខេត្តសៀមរាបតភ្ជាប់នឹងបណ្តាខេត្តជុំវិញ។

ទី២. អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា «ផ្ការីករបស់យើង គឺពង្រីកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ និងពីខេត្តប៉ូលសេដ្ឋកិច្ចមួយទៅសេដ្ឋកិច្ចមួយ ឱ្យកាន់តែប្រសើរឡើង» ក្នុងគោលដៅជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ បង្កើតឱកាសការងារ និងបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ជាងនេះទៀត ការរៀបចំខ្សែទស្សនកិច្ចអន្តរខេត្តនេះ គឺឈរលើអភិក្រម «Hub and Spoke» ដោយសៀមរាបត្រូវបានចាត់ទុកជា «គោលដៅស្នូល» និងត្រូវបំពេញបន្ថែមដោយ​ «គោលដៅគាំទ្រ» ចំនួន៥គឺ៖ កំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងបាត់ដំបង ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះគឺជាការរំលេចឡើងវិញឱ្យកាន់តែមានជីវិតរស់រវើកនូវចក្ខុវិស័យប្រកបដោយគតិបណ្ឌិត «តារារះនាទិសឧត្តរ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលលោកបានត្បាញយកប្រវត្តិសាស្ត្រកម្ពុជាទាំង៣សម័យកាល គឺ «សម័យមុនអង្គរ», «សម័យអង្គរ» និង »សម័យក្រោយអង្គរ»​ បញ្ចូលគ្នាជាកញ្ចប់ទស្សនកិច្ចប្រវត្តិសាស្ត្រតែមួយ។

គួរកត់សម្គាល់ថា នាព្រឹកថ្ងៃទី២៤ មីនា ២០២៦ មុនបើកសិក្ខាសាលានេះទេសរដ្ឋមន្ត្រី ថោង ខុន បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍, ការប្រកបមុខរបរ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅតំបន់ប្រាសាទសំបូរព្រៃគុក ដោយបានចុះទៅតំបន់បឹងប្រាំង ដើម្បីសិក្សា និងកំណត់សក្តានុពលប្រែក្លាយទីតាំងនោះជាកន្លែងសម្រាកលម្ហែចម្រុះសេវាកម្ម, ផ្ទះស្នាក់សហគមន៍មួយកន្លែងដែលជាប់ចំណាត់ថ្នាក់ជាផ្ទះសហគមន៍ទេសចរណ៍អាស៊ាន, ផ្ទះតម្បាញរបស់សហគមន៍ដែលផលិតវត្ថុអនុស្សាវរីយ៍ជាផលិតផលក្នុងស្រុកលក់ជូនភ្ញៀវទេសចរ, កន្លែងលក់សំបុត្រចូលទស្សនាប្រាសាទសំបូរព្រៃគុក និងផ្សារសហគមន៍ទេសចរណ៍ដែលជាបណ្តុំនៃសេវាកម្មសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕