ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបសាកលវិទ្យាល័យ Jungwon ជំរុញបង្កើនអាហារូបករណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ
25-03-2026 10:40
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយក្រុមគណៈប្រតិភូ នៃសាកលវិទ្យាល័យជុងវ៉ុន (Jungwon University) ដឹកនាំដោយលោក JANG Kiwon សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជុងវ៉ុន នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះលោក JANG ដែលបានរៀបចំកម្មវិធីជំនួបជាមួយបងប្អូនពលកររដូវកាល ដែលអញ្ជើញមកដល់ប្រទេសកូរ៉េកាលពីសប្តាហ៍មុន ដែលកម្មវិធីនោះបានផ្តល់ឱកាសឱ្យស្ថានទូត បានផ្តល់ព័ត៌មានចាំបាច់មួយចំនួនសម្រាប់បងប្អូនពលករ ក្នុងការបំពេញការងារ និងរស់នៅក្នុងប្រទេសកូរ៉េក្នុងកំឡុងអាណត្តិការងាររបស់ខ្លួន។
លោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាបានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ ពិសេសការអប់រំ ដែលវាជាវិស័យគន្លឹះ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន។ លោកក៏បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយលោកក៏បានស្នើលោក JANG ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា លើវគ្គជំនាញ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម។
លោក JANG បានឯកភាពនឹងសំណើរបស់ឯកអគ្គរាជទូត ក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថានទូត ដែលបានភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ៗ ចំនួន៣របស់ប្រទេសកម្ពុជា នាពេលកន្លងមក។ លោកសាកលវិទ្យាធិការ JANG ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕










