សាលាក្តីខ្មែរក្រហមផ្សព្វផ្សាយពីការរួមចំណែករបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាព នៅបណ្ឌិត្យសភានគរបាលកម្ពុជា
25-03-2026 12:37
(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលហៅកាត់ថាសាលាក្តីខ្មែរក្រហម បានរៀបចំបាឋកថាដ៏មានអត្ថន័យមួយក្រោមប្រធានបទ «ការចូលរួមរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាពនៅកម្ពុជា» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្សព្វផ្សាយពីការរួមចំណែករបស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងសន្តិភាព។
ពិធីនេះ បានរៀបចំឡើង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងនិស្សិតប្រមាណ១២០០រូប។
នាឱកាសនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានបង្ហាញនូវរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថា កន្លងមកបណ្ឌិត្យសភាធ្លាប់បានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញវិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធល្អៗលើប្រធានបទនានា ដែលជាតម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ ព្រមទាំងសិក្ខាកាម និស្សិត និងសិស្សនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោក ក្រាញ់ តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃ អ.វ.ត.ក.បានមានប្រសាសន៍ថា កម្មវិធីបាឋកថានៅពេលនេះពិតជាមានអត្ថន័យនិងមានសារៈសំខាន់ ដែលស្ថាប័នទាំងពីរ គឺ អ.វ.ត.ក. និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាស្ថាប័នសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ការសិក្សាស្រាវជ្រាវ ចែករំលែកចំណេះដឹងផ្នែកច្បាប់ បានសហការគ្នាដើម្បីរៀបចំកម្មវិធីនេះឡើង។
លោកបានបញ្ជាក់ថា នេះជាសកម្មភាពនៃការរួមចំណែកក្នុងដំណើរការផ្សព្វផ្សាយសច្ចធម៌ប្រវត្តិសាស្រ្ត បណ្តុះបណ្តាល ស្រាវជ្រាវ និងអនុវត្តច្បាប់ និងស្វែងរកយុត្តិធម៌ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ការគោរពនីតិរដ្ឋនិងសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងរួមចំណែកក្នុងការថែរក្សានិងការពារសន្តិភាព និងការផ្សះផ្សាជាតិ។ ការងារទាំងនេះជាពិសេសសការផ្សព្វផ្សាយអំពីសច្ចធម៌ប្រវត្តិសាស្រ្ត មិនមែនជាការងាររបស់ស្ថាប័នតែមួយនោះទេ ប៉ុន្តែជាការងាររួមដែលត្រូវការការភ្ជាប់គ្នារវាងអតីតកាល បច្ចុប្បន្ន និងអនាគត។
ក្នុងកម្មវិធីនេះអ្នកចូលរួមទាំង១២០០នាក់បានស្តាប់បទបង្ហាញដ៏មានតម្លៃពីក្រុមការងារ អ.វ.ត.ក. និង លោក Martin Karopkin ចៅក្រមអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានលើកឡើងពីតួនាទីសំខាន់របស់តុលាការនេះក្នុងការនាំមកនូវយុត្តិធម៌ ការលើកកម្ពស់ការបង្រួបបង្រួមជាតិ និងការរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា។ បាឋកថាបានបញ្ចប់ទៅជាមួយ វគ្គសំណួរ-ចម្លើយដ៏ផុសផុល ដែលអ្នកចូលរួមបានផ្លាស់ប្តូរយោបល់ និងពង្រឹងការយល់ដឹងអំពីយុត្តិធម៌អន្តរកាល និងកេរដំណែលដ៏មានសារៈសំខាន់របស់ អ.វ.ត.ក.។
សូមបញ្ជាក់ថា បន្ទាប់ពីការងារយុត្តាធិការត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២២ អ.វ.ត.ក. បានបន្តអនុវត្តការងារសេសសល់សម្រាប់រយៈពេល៣ឆ្នាំដំបូង (២០២៣-២០២៥) ហើយត្រូវបានបន្តរហូតដល់ឆ្នាំ២០២៧។ នៅក្នុងដំណាក់កាលនេះ អ.វ.ត.ក. បានបង្កើតមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមាន៦ សមាសភាគ (១) បណ្ណសារដ្ឋាន (២) បណ្ណាល័យ (៣) សាលពហុបំណងឬសាលសវនាការ (៤) សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ (៥) គេហទំព័រអន្តរកម្ម (៦) ឧទ្យានសម្រាប់ការចងចាំ ព្រមទាំងបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានអ.វ.ត.ក.ចល័ត (រថយន្តក្រុងចល័ត) ដើម្បីនាំយកសមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ទៅផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមរាជធានី ខេត្ត៕

























