រដ្ឋមន្ត្រី ហួត ហាក់៖ កោះទទឹងរីស្សត ជាផលិតផលទេសចរណ៍ថ្មីមួយដែលមានតម្លៃបន្ថែមខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា
25-03-2026 13:28
(កោះកុង)៖ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា ដើម្បីពិនិត្យនិងវាយតម្លៃលើការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. នៅលើកោះទទឹង ខេត្តកោះកុង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយតំណាង និងបុគ្គលិកក្រុមហ៊ុនដែលកំពុងបម្រើការនៅលើកោះទទឹងរីស្សត។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលជាក្រុមហ៊ុនខ្មែរ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកោះទទឹងឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិទាំងលើកោះ និងក្នុងទឹក ឱ្យនៅស្រស់ស្អាត និងមាននិរន្តរភាព ដោយអនុវត្តតាមទស្សនៈ «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ និងការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។
លើសពីនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងស្នើសុំវិញ្ញាបនបត្រ និងស្តង់ដារសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សណ្ឋាគារបៃតងកម្ពុជា ស្តង់ដាអាស៊ាន វិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ម៉ូស្លីម ជាដើម ដើម្បីបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះផងដែរ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ដូចជា CATA, CTF និង PATA ត្រូវបានណែនាំឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលកោះទទឹងក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរកម្រិតខ្ពស់ និងរៀបចំជា FAM Trip។
រដ្ឋមន្រ្តី ហួត ហាក់ លើកទឹកចិត្តឱ្យអ្នកផលិតមាតិកា Influencers និង KOLs ជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយអំពីកោះទទឹងរីស្សត និងតំបន់ទេសចរណ៍ដែលមានសក្តានុពលផ្សេងៗក្នុងខេត្តកោះកុង ឱ្យកាន់តែទូលំទូលាយ។
នៅចុងបញ្ចប់ លោករដ្ឋមន្ត្រី បានប្រគល់លិខិតសរសើរដល់ក្រុមហ៊ុន ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ឱ្យមានស្តង់ដាខ្ពស់ ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងចីរភាព៕


















