JICA ជួយកញ្ចប់ថវិកាប្រមាណ២៧៩លានដុល្លារ លើគម្រោងពង្រីករោងចក្រនិរោធ

25-03-2026 13:54

(ភ្នំពេញ)៖ ក្នុងចំណោមថវិកាសរុបប៉ាន់ស្មានប្រមាណ ៣៧១លានដុល្លារអាមេរិក គឺភាគីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានជួយគាំទ្រដល់គម្រោងពង្រីករោងចក្រនិរោធក្នុងរាជធានីភ្នំពេញ នូវកញ្ចប់ថវិកាប្រមាណ ២៧៩លានដុល្លារអាមេរិក។

នេះបើតាមការបញ្ជាក់របស់ លោក ជូផល្លា អគ្គនាយករងរដ្ឋាករទឹកស្វយ័តភ្នំពេញ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដើម្បីស្វែងយល់ពីការផលិតទឹកស្អាតនៅរោងចក្រនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោកបានបន្តថា រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ ដែលបានបើកការដ្ឋានសាងសង់ ក្នុងខែសីហា ឆ្នាំ២០១០ និងបច្ចុប្បន្នកំពុងផលិតទឹកស្អាតចំនួន១៣ម៉ឺនម៉ែត្រគូប ជារៀងរាល់ថ្ងៃ តាមរយៈឥណទានសម្បទាន JICA ក្នុងទំហំទឹកប្រាក់ប្រមាណ៤០,៦លានដុល្លារអាមេរិក ខណៈតម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងតំបន់ជាក្រុង ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ជាង១លាន ៥៧ម៉ឺនម៉ែត្រគូប នៅត្រឹមឆ្នាំ២០៣០។

លោក ជូ ផល្លា បានថ្លែងទៅកាន់ភាគីJICAថា «ដើម្បីឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់នេះ យើងកំពុងរៀបចំគម្រោងពង្រីកសមត្ថភាពរោងចក្រនិរោធជំហានទី៣ ដ៏ធំសម្បើមនេះ។ គម្រោងថ្មីនេះនឹងបន្ថែមសមត្ថភាពផលិតទឹកប្រចាំថ្ងៃចំនួន២០ម៉ឺនម៉ែត្រគូប បន្ថែមទៀត»

យោងតាមការធ្វើបច្ចុប្បន្នភាពផែនការមេទី៣ (២០២២-២០៣០) តម្រូវការទឹកនៅរាជធានីភ្នំពេញ នឹងមានការកើនឡើងយ៉ាងគំហុកពីជាង៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២២ ទៅដល់ជាង ១លាន ៥៧ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ កំណើននេះ បណ្តាលមកពីការកើនឡើងនៃចំនួនប្រជាជន និងការពង្រីកផ្ទៃសេវា។ ដូច្នេះ ការសាងសង់រោងចក្រថ្មីនេះ គឺជារឿងចាំបាច់បំផុត ដើម្បីដោះស្រាយបញ្ហាកើនឡើងនេះ៕