រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
25-03-2026 14:09
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំកា ថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ព្រមទាំងជាទីប្រឹក្សាក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត និងតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
កិច្ចប្រជុំបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយជាកិច្ចចាប់ផ្តើមជាការអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមីនា ដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។ តាមរយៈរបាយការណ៍បានបង្ហាញឱ្យឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការអភិវឌ្ឍតំបន់ជនបទដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ដោយដាក់ចេញនូវចក្ខុវិស័យ កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព តាមរយៈការអនុវត្តកម្មវិធីអាទិភាពចំនួន ៥រួមមាន៖ ១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ២៖ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣៖ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤៖ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥៖ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
ជាមួយគ្នានេះ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញអំពីការប្រៀបធៀបលទ្ធផលការងារ ដែលសម្រេចបានក្នុងខែមីនាក្នុងឆ្នាំ២០២៥ ធៀបនិងឆ្នាំ២០២៦។ លោកក៏មានការធ្វើរបាយការណ៍ស្តីពី វឌ្ឍនភាពការងាររបស់សមាគមសង្គហមិត្ត និងទិសដៅការងារបន្តប្រចាំឆ្នាំ២០២៦ របស់សមាគមសង្គហមិត្ត ដោយលោកប្រធានលេខាធិការដ្ឋានសមាគម និងការធ្វើបទបង្ហាញស្តីពី «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកផងដែរ។
ឆ្លៀតក្នងឱកាសនោះដែរ លោក ឆាយ ប្ញទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចបានគោលដៅនៃផែនការដែលបានកំណត់។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




















