ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ជំរុញមន្រ្តីព័ត៌មាន ត្រូវពង្រឹងអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល
25-03-2026 14:15
(ព្រៃវែង)៖ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ជំរុញដល់មន្រ្តីទាំងអស់ ត្រូវពង្រឹងអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល បង្កើនប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការជំរុញបែបនេះ ខណៈដែលលោក ញ៉ែម សៅគ្រី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។
ក្នុងកិច្ចប្រជុំនោះ គ្រប់ប្រធានការិយាល័យទាំងអស់ បានរាយការណ៍អំពីលទ្ធផលការងារដែលខ្លួន សម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ហើយក្នុងនោះ គ្រប់ការិយាល័យទាំងអស់ ក៏បានរៀបចំនៅផែនការសកម្មភាពបន្ត របស់ការិយាល័យរបស់ខ្លួនធ្វើយ៉ាងណាដើម្បីធានា និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ទៅតាមការិយាល័យរៀងៗខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
បន្ថែមលើសពីនេះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងលឿនរហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
ទន្ទឹមនឹងការលើកទឹកចិត្ត លោកប្រធានមន្ទីរបានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារដូចខាងក្រោម៖
*១៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ មន្ត្រីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដានរាល់ព័ត៌មានក្លែងក្លាយ (Fake News) ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នៅទូទាំងខេត្តព្រៃវែង ក្នុងករណីមានព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ បំភ្លើសខុសពីការពិត មន្ត្រីទាំងអស់ត្រូវសហការ ជាមូយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការបកស្រាយដោយប្រើប្រាស់ព័ត៌មានពិត ដើម្បីផ្សព្វផ្សាយបន្សាប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជនក្នុងសង្គម។
*២៖ សាមគ្គីភាពផ្ទៃក្នុង ក្នុងការិយាល័យនីមួយៗ គឺជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន មន្ត្រីគ្រប់រូបត្រូវមានកិច្ចសហការគ្នាជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការ ការងារនៅក្នុងអង្គភាពមានភាពរលូន និងមានសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ តាមផែនការក្រសួងព័ត៌មានបានដាក់ចុះ និងថ្នាក់ខេត្ត
*៣៖ ការិយាល័យជំនាញនីមួយៗ បន្តចុះផលិតបទយការណ៍ពាក់ព័ន្ធវិស័យទេសចរណ៍ កសិកម្ម វិស័យវាយនវន្ត ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព
*៤៖ ផ្សព្វផ្សាយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័នានា នៅតាមក្រុង ស្រុក ឃុំសង្កាត់ ស្តីពីការរីចម្រើននៅតាមមូលដ្ឋាន នៅតាមទូរទស្សន៍ជាតិ ឯកជន តាមផេករបស់មន្ទីរ social Media និងតាមវេបសាយ ឲ្យបានទូលំទូលាយ៕












