មន្ត្រីជាន់ខ្ពស់សុខាភិបាល ស្នើគ្រប់រាជធានី-ខេត្ត រួមគ្នាឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមចំពោះមរណភាពមាតា និងទារក

25-03-2026 15:14

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំ ស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR) នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ និងស្នើឱ្យថ្នាក់ដឹកនាំ និងអ្នកផ្តល់សេវាថែទាំសុខភាពមកពីគ្រប់រាជធានី-ខេត្ត រួមគ្នាឆ្លើយតប និងដោះស្រាយបញ្ហាប្រឈម ដែលជួបប្រទះក្នុងឆ្នាំ២០២៥កន្លងទៅ។

លោកស្រីសាស្ត្រាចារ្យបានបន្តថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ MPDSR គ្រប់កម្រិត ដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដាក់ឱ្យប្រើប្រាស់ ពិធីសារថ្មីនៅទូទាំងប្រទេស។ លទ្ធផលនៃការពិនិត្យឡើងវិញនូវមរណភាពមាតាចំនួន ៤៦ ករណី និងមរណភាពទារក ១១៧ ករណី ក្នុងឆ្នាំ២០២៥ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់ សម្រាប់ការកែលម្អសេវាសុខាភិបាលឦ

«ទោះបីជាចំនួនមរណភាពមាតាដែលបានរាយការណ៍មានការថយចុះពី ៧៩ករណី ក្នុងឆ្នាំ២០២៤ មកត្រឹម ៤៦ ករណីក្នុងឆ្នាំ ២០២៥ក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែសឡើយ»។ លោកស្រីបញ្ជាក់ទៀតថា បញ្ហាប្រឈមដែលបានរកឃើញក្នុងឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្វះខាតមួយចំនួន រួមមាន៖

១៖ ការដោះស្រាយការពន្យារពេលទី ៣ (ការផ្តល់សេវា និងប្រព័ន្ធបញ្ជូន)

*ពង្រឹងការទំនាក់ទំនងជាមុន៖ បង្កើតយន្តការទំនាក់ទំនងរហ័សរវាងមណ្ឌលសុខភាព និងមន្ទីរ ពេទ្យ បង្អែក (Pre-referral communication) ដើម្បីឱ្យមន្ទីរពេទ្យត្រៀម លក្ខណៈ ទទួល អ្នកជំងឺ បាន ទាន់ពេល ។

* ធានាស្ថេរភាពអ្នកជំងឺអំឡុងពេលបញ្ជូន៖ បំពាក់សម្ភារបរិក្ខារចាំបាច់ និងថ្នាំពេទ្យក្នុង រថយន្ត សង្គ្រោះ ដើម្បីរក្សាស្ថេរភាពអ្នកជំងឺក្នុងអំឡុងពេលដឹកជញ្ជូន និងធានាថាមិនមានការ បាត់បង់ ជីវិតស្រ្តី ទារក និងកុមារ។

* ពង្រឹងភាពជាអ្នកដឹកនាំ៖ បង្កើនការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនៅតាម មូលដ្ឋាន សុខាភិបាល ដើម្បីធានាថាការអនុវត្ត MPDSR និងការឆ្លើយតបចំពោះករណីបន្ទាន់ ត្រូវបាន ធ្វើ ឡើង ដោយជោគជ័យ ។

២៖ ការដោះស្រាយចំណុចខ្វះខាតផ្នែកគ្លីនិក (PPH ដែលមានហានិភ័យខ្ពស់)
* អនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP)៖ ជំរុញការប្រើប្រាស់ SOP ស្តីពីការគ្រប់គ្រង ការ ធ្លាក់ ឈាមក្រោយសម្រាល (PPH/EMOTIVE) និងការពិនិត្យអេកូសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ។
* ពង្រឹងគុណភាពថែទាំករណីហានិភ័យខ្ពស់៖ បង្កើនការយកចិត្តទុកដាក់លើការថែទាំ ស្ត្រីដែល មាន ហានិភ័យខ្ពស់ តាមរយៈការអនុវត្ត SOP-ANC ដើម្បីកាត់បន្ថយមរណភាពទារកក្នុងផ្ទៃ និងមរណភាពមាតា។
* ធានាការផ្គត់ផ្គង់ឱសថ៖ ត្រូវធានាឱ្យមានការផ្គត់ផ្គង់ឱសថ និងសម្ភារវេជ្ជសាស្ត្រសម្រាប់ គ្រប់គ្រង ករណី PPH ឱ្យបានគ្រប់គ្រាន់ និងជាប្រចាំនៅគ្រប់កម្រិត។

៣៖ ការដោះស្រាយការពន្យារពេលទី ១ (ការស្វែងរកសេវាថែទាំ)
*បង្កើនការចូលរួមពីសហគមន៍៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីអប់រំ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (ANC) យ៉ាងហោចណាស់ ៤ ដងប្រកបដោយគុណភាពដោយចំណាយពេលសួរនាំឱ្យបានច្រើនដើម្បីស្វែងរង High risk pregnancy ឱ្យបានទាន់ពេល។
*ផ្តោតលើក្រុមងាយរងគ្រោះ៖ បង្កើតយុទ្ធសាស្ត្រគាំទ្រជាក់លាក់សម្រាប់ ស្ត្រីដែលមានស្ថានភាព សេដ្ឋកិច្ចទាប ឬអ្នកដែលមានកូនច្រើន ដែលជួបឧបសគ្គក្នុងការធ្វើដំណើរ ទៅកាន់មូលដ្ឋានសុខាភិបាល ។
*ការអប់រំអំពីសញ្ញាគ្រោះថ្នាក់៖ ផ្តល់ការអប់រំសុខភាពដល់ក្រុមគ្រួសារអំពីការ កំណត់អត្តសញ្ញាណសញ្ញាគ្រោះថ្នាក់ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីកាត់បន្ថយការយឺតយ៉ាវ ក្នុងការសម្រេចចិត្តស្វែងរកសេវា។

លោកស្រីរដ្ឋលេខាធិការថ្លែងទៀតថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ នឹងកំណត់មូលដ្ឋានគ្រឹះសម្រាប់ការបំពេញតាមការប្តេជ្ញាចិត្តរបស់សន្និបាត សុខាភិបាលកាលពីខែមករាកន្លងទៅ។

ទន្ទឹមនឹងនោះលោកស្រីសាស្ត្រាចារ្យបានដាក់ចេញនូវអាទិភាពចំណុចពិភាក្សាមួយចំនួនរួមមាន៖

១៖ ចែករំលែក និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះក្នុងការអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៅទូទាំង ប្រទេស។

២៖ បង្ហាញពីបញ្ហាប្រឈមដែលត្រូវបានកំណត់នៅក្នុងខេត្តនីមួយៗដោយផ្អែកលើការរកឃើញក្នុងឆ្នាំ២០២៥

៣៖ សហការក្នុងការកំណត់ ការពិភាក្សា និងអនុវត្តផែនការសកម្មភាព រួមមាននីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីគភ៌ដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយ សម្រាល (PPH) ជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីដោះស្រាយ គម្លាតសេវាកម្ម ដែលបានកំណត់ដោយខេត្តនីមួយៗ។

៤៖ កំណត់អត្តសញ្ញាណក្នុងការគាំទ្របច្ចេកទេសរួមគ្នា ពី គណៈកម្មាធិការថ្នាក់ជាតិថ្នាក់មន្ទីរពេទ្យជាតិ និងដៃគូនានា ក្នុង ការឈានទៅមុខនៅឆ្នាំ២០២៦។

លោកស្រីមានទំនុកចិត្តយ៉ាងមុតមាំថា តាមរយៈការចូលរួមពីតំណាងមន្ទីរពេទ្យជាតិ និងមន្ត្រីជំនាញពីគ្រប់ រាជធានីខេត្ត ទាំង២៥ នឹងអាចបង្កើតបាននូវផែនការសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

ជាទីបញ្ចប់លោកស្រីបានថ្លែងអំណរគុណដល់ UNFPA, អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុយ៉ាងសកម្ម៕