ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តដុងថាប់ ប្រទេសវៀតណាម ក្នុងឱកាសមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
25-03-2026 15:45
(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាប់ ប្រទេសវៀតណាម ដឹកនាំដោយលោក ត្រឹន ទួន អាញ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងលោក ផាម វ៉ាន់អាន អនុលេខាធិការគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តដុងថាប់ រួមនឹងប្រតិភូអមដំណើរ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ និងប្រជាជន ក្នុងខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ប្រតិភូខេត្តដុងថាប់ ក៏បានធ្វើការជូនពរលោក អ៊ុំ រាត្រី អភិបាលខេត្ត, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាជនទូទាំងខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ ទទួលបាននូវក្តីសុខសប្បាយ ទទួលសុខសន្តិភាព នឹងខេត្តកាន់តែមាន ការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។
លោក អ៊ុំ រាត្រី បានលើកឡើងពីទំនាក់ទំនងគ្នាល្អ រវាងកម្ពុជា-វៀតណាម ពិសេសខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ លើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា ការលំបាកនានា និងបានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នា តាំងពីដើមរៀងមក ក្នុងការប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនទាំង២។
លោក ផាម វ៉ាន់អាន បានបញ្ជាក់សម្តែងនូវមនោសញ្ចេតនា និងបង្ហាញពីចំណងមិត្តភាព យ៉ាងជិតស្និទ្ធស៊ីជម្រៅរវាងខេត្តទាំង២ និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងមួយនេះ ឱ្យនៅស្ថិតស្ថេរយូរអង្វែង។ ក្នុងនាមប្រទេសទាំងពីរ គឺជាប្រទេសភូមិផងរបងជាមួយ ក៏ដូចជាដើម្បីរឹតចំណងមិត្តភាព មេត្រីភាពរវាងប្រជាជន និងប្រជាជន ក៏ដូចជាប្រទេសទាំង២ ខេត្តដុងថាប ក៏និងផ្តល់អាហារូបករណ៍ជូនដល់និស្សិតរបស់ខេត្តបន្ទាយមានជ័យ ដើម្បីទៅសិក្សានៅប្រទេសវៀណាម ពាក់ព័ន្ធវិស័យកសិកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធមួយចំនួន។
ក្នុងនោះ ថ្នាក់ដឹកនាំខេត្ត និងប្រជាជនកម្ពុជា បានចងចាំជានិច្ចនូវគំរូវីរៈភាព ដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន នៃកងទ័ពទាំងពីរ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ផ្តើមចេញពីស្មារតីនេះ ចំណងមិត្តភាព សាមគ្គីភាព ដ៏មានសារៈសំខាន់ និងជាសក្ខីភាព ខេត្តបន្ទាយមានជ័យ បានសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម មួយកន្លែងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្ហាញអំពីអត្ថន័យប្រកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ក្នុងបុព្វហេតុជាតិមាតុភូមិរបស់ខ្លួន និងជាសិលាចារឹកទុកជាប្រវត្ថិសាសន៍៕




























