ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅកោះនរាយ៉ាងអនាធិបតេយ្យ ត្រូវកម្លាំងនគរបាលតាមឃាត់ចំនួន១២នាក់, ក្រុមនេះរកឃើញពាក់ព័ន្ធវាយប្លន់ម៉ូតូ និងប្រើហិង្សានៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ
25-03-2026 15:46
(ភ្នំពេញ)៖ ដោយទទួលអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែន ការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាក្មេងទំនើងចំនួន១២នាក់ ក្រោយរងការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ពីសំណាក់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាល រដ្ឋបាលគោករកា និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។
ជនសង្ស័យទាំង១២នាក់នេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ នាំឲ្យប៉ះពាល់សណ្តាប់សុវត្ថិភាពប្រជាជន នៅចំណុចផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ តែក្រោយសួរនាំ ស្រាប់តែសមត្ថកិច្ចជំនាញរកឃើញថា ក្រុមនេះជាប់ពាក់ព័ន្ធជាមួយសកម្មភាពប្លន់ម៉ូតូ និងប្រើហិង្សានៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅទៀតផង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមជនល្មើសទាំងនេះធ្លាប់កាប់ និងវាយប្លន់យកម៉ូតូ នៅចំណុចវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ វេលាម៉ោងប្រហែល ៣ ចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
ក្រុមជនល្មើសទាំងនេះ ក៏ជាប់ពាក់ព័ន្ធសកម្មភាពយកដាវ មួកសុវត្ថិភាព ដុំថ្ម កាប់ វាយ គប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស ប្រព្តឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២២ ខែមីនា វេលាម៉ោង៤៖៥០នាទីទៀបភ្លឺ។
ជនសង្ស័យទាំងនេះរួមមាន៖
*ទី១៖ ឈ្មោះ ទ្បាយ លីដា ហៅ លី អាយុ១៧ឆ្នាំ
*ទី២៖ ឈ្មោះ រិទ្ធ សាតសុមករា ហៅ ប៊ី អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ហោ អង្គារសភារដ្ឋ អាយុ១៧ឆ្នាំ
*ទី៤៖ ឈ្មោះ ងួន អ៊ីទ្រីស័រ អាយុ១៨ឆ្នាំ
*ទី៥៖ ឈ្មោះ លីន ចំរើន អាយុ១៨ឆ្នាំ
*ទី៦៖ ឈ្មោះ សូត្រ ច័ន្ទត្រា អាយុ១៧ឆ្មាំ
*ទី៧៖ ឈ្មោះ ភន់ តុងឆាយ អាយុ១៧ឆ្មាំ
ទី៨៖ ឈ្មោះ រីន រដ្ឋបញ្ញាបុត្រ អាយុ១៨ឆ្នាំ
*ទី៩៖ ឈ្មោះ ភឿក ចាន់ហេង អាយុ១៨ឆ្នាំ
*ទី១០៖ ឈ្មោះ ទ្រី ពិសី អាយុ១៩ឆ្នាំ
*ទី១១៖ ឈ្មោះ វាសនា សាម៉េត អាយុ២៣ឆ្នាំ
*ទី១២៖ ឈ្មោះ ធៀម សុភត្រា អាយុ២២ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងមន្រ្តីជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕










