ពលរដ្ឋងាយរងគ្រោះបំផុត២០គ្រួសារ រស់នៅឃុំរបស់មង្គល ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី

25-03-2026 16:02

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមោងឬស្សី ដែលមានលោក ទេព ហន ជាប្រធាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចាត់ក្រុមការងារដឹកនាំដោយលោកស្រី លឹម រដ្ឋមុនី អភិបាលរងស្រុក និងជាប្រធានអនុគណៈកម្មាធិការអនុសាខាស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ក្រុមគ្រួសារមកពីគ្រួសារអតីតយុទ្ធជន និងកងទ័ពជួរមុខដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ២០គ្រួសារ រស់នៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មានមតិសំណេះសំណាលនាឱកាសនោះក្នុងនាមលោក ទេព ហន លោកស្រី លឹម រដ្ឋមុនី បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក៏ដូចប្រជាការពារភូមិ ដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

ជាមួយគ្នានេះ លោកស្រីអនុប្រធានអនុសាខាស្រុក បានផ្តាំផ្ញើបងប្អូនជាការពារភូមិទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពី ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស និងចូលគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។

លោកស្រី បានគូសបញ្ជាក់ថា បើទោះបីជាបងប្អូន មានជីវភាព លំបាកយ៉ាងណាក៏ដោយ ក៏សូមឱ្យប្រជាពលរដ្ឋខិតខំជម្នះការលំបាក តស៊ូ ជំរុញកូនរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥ គីឡូក្រាម, ទឹកត្រី៣ ដប,ទឹកស៊ីអ៉ីវ ៣ដប, ទឹកបរិសុទ្ធ ២យួរ, មី ៥កញ្ចប់ និងថវិកា២ម៉ឺនរៀល៕