Fresh Exclusive: ផ្អាក៥ថ្ងៃ ក្រោមយុទ្ធសាស្ត្រ៣ជាមួយគ្នា៖ ចរចា គំរាម និង វាយ

25-03-2026 16:07

(ភ្នំពេញ)៖ ការផ្អាកបាញ់រយៈពេល ៥ថ្ងៃ កំពុងត្រូវបានអនុវត្ត ក្រោមការចរចាររវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលការបាញ់គ្នាត្រូវបានផ្អាក សារព័ត៌មានបរទេសជាច្រើន បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងបន្តយុទ្ធសាស្ត្រផ្លាស់ទី និងបង្កើនកម្លាំងយោធា ដែលបង្ហាញថា ក្រោយការផ្អាកនេះ អាចនឹងមានការត្រៀមយុទ្ធសាស្ត្រធំមួយ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលនោះទេ។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ការផ្អាកបាញ់ ៥ថ្ងៃ ក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនជាការផ្អាកសង្គ្រាមទេ។ វាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ ខណៈដែលពិភពលោក បានឮពាក្យថា «ផ្អាកបាញ់» សមរភូមិយោធា តុចរចានយោបាយ និងសម្ពាធសេដ្ឋកិច្ច ក៏កំពុងដំណើរការក្នុងពេលតែមួយ។ នេះបង្ហាញថា សង្គ្រាមបានចូលទៅក្នុងដំណាក់កាលថ្មី ដែលមានការចរចា ការគំរាម និងការវាយប្រហារ ដំណើរការជាយុទ្ធសាស្ត្រព្រមរួមគ្នា។

* យុទ្ធសាស្ត្រចរចា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការបរទេស Marco Rubio និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត កំពុងដឹកនាំការចរចាជាមួយអ៊ីរ៉ង់។ លោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយអាចកំពុងលេចចេញជារូបរាង។ ប៉ុន្តែ ក្នុងពេលដែលការចរចាកំពុងដំណើរការ សង្គ្រាមមិនបានឈប់ទេ។ ស្នូរគ្រាប់កាំភ្លើង នៅតែឮក្នុងក្រុងតេហេរ៉ង់ ខណៈការវាយប្រហារដោយដ្រូន នៅតែបន្តនៅតាមបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្ទ រួមទាំងការវាយលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងប្រទេសគុយវ៉ែតផងដែរ។

ស្ថានការណ៍នេះបង្ហាញថា ការចរចា និងការប្រយុទ្ធ កំពុងដំណើរការតែមួយពេល។ ក្នុងភូមិសាស្ត្រនយោបាយ វាមិនមែនជារឿងចម្លែកទេ ដែលប្រទេសមួយ ចរចា ខណៈដែលកំពុងប្រើសម្ពាធយោធា ដើម្បីបង្កើនអំណាចចរចារបស់ខ្លួន។ អ្នកវិភាគជាច្រើនហៅយុទ្ធសាស្ត្របែបនេះថា «ចរចាផង, វាយផង»។ ក្នុងន័យនេះ ការផ្អាកបាញ់ ៥ថ្ងៃ អាចមិនមែនមានន័យថាសង្គ្រាមកំពុងឈប់ទេ។ វាអាចមានន័យថា សង្គ្រាមបានផ្លាស់ពីសមរភូមិយោធា ទៅសមរភូមិតុចរចា ដែលភាគីទាំងពីរ កំពុងព្យាយាមយកអត្ថប្រយោជន៍មុនពេលឈានទៅកិច្ចព្រមព្រៀងណាមួយ។

* យុទ្ធសាស្ត្រគំរាម និងសម្ពាធ

ក្នុងពេលដែលការចរចាកំពុងដំណើរការ កម្លាំងយោធាក៏កំពុងត្រូវបានផ្លាស់ទី និងត្រៀមខ្លួនផងដែរ។ នេះបង្ហាញថា ការចរចាមិនមែនធ្វើឡើងក្នុងបរិយាកាសសន្តិភាពទេ ប៉ុន្តែធ្វើឡើងក្រោមសម្ពាធយោធា និងសេដ្ឋកិច្ច។ ក្នុងភូមិសាស្ត្រនយោបាយ មានគោលការណ៍មួយថា «បើចរចា ត្រូវចរចាពីទីតាំងដែលខ្លាំង»។ នេះមានន័យថា ភាគីដែលមានសម្ពាធយោធា ឬសេដ្ឋកិច្ចខ្លាំងជាង នឹងមានអំណាចចរចាច្រើនជាង។

សេចក្តីរាយការណ៍ CNN បានបង្ហាញថា ទាហានអាមេរិកប្រមាណ ១,០០០នាក់ មកពីកងពលទ័ពអាកាសលេខ៨២ របស់កងទ័ពអាមេរិក ត្រូវបានគេរំពឹងថា នឹងដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការផ្លាស់ទីនេះ បានបន្ថែមទៅលើកម្លាំងយោធាអាមេរិកដែលកំពុងកើនឡើងនៅក្នុងតំបន់ ខណៈដែលរដ្ឋបាលលោក Donald Trump អះអាងថា ខ្លួនកំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ។

សេចក្តីរាយការណ៍ដដែលបានបន្តថា កងកម្លាំងនេះ រួមមានឧត្តមសេនីយ៍ឯក Brandon Tegtmeier មេបញ្ជាការកងពលទ័ពអាកាសលេខ៨២ និងបុគ្គលិកកងពល ព្រមទាំងកងវរសេនាតូចមួយ នៃក្រុមប្រយុទ្ធកងពលតូចទី១ ដែលបច្ចុប្បន្នកំពុងបំពេញតួនាទីជាកម្លាំងឆ្លើយតបភ្លាមៗ ដែលគេស្គាល់ថាក្រុម IRF Immediate Response Force។ ប្រភពដដែល បានបញ្ជាក់ថា ក្រុមដំបូងនៃបុគ្គលិកកងពល និងកងវរសេនាតូចនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដាក់ពង្រាយក្នុងរយៈពេលមួយសប្តាហ៍ ខណៈកងកម្លាំងផ្សេងទៀតនៅក្នុងកងពល ក៏អាចត្រូវបានដាក់ពង្រាយនៅពេលក្រោយផងដែរ ទោះបីស្ថានការណ៍អាចផ្លាស់ប្តូរបានក៏ដោយ។

ប្រភពបានឱ្យដឹងទៀតថា កងពលនេះនឹងក្លាយជា «អង្គភាពត្រៀមរួចជាស្រេច» នៅមជ្ឈិមបូព៌ា ដែលអាចត្រូវបានហៅឱ្យចូលប្រតិបត្តិការ នៅពេលណាដែលចាំបាច់។ តាមន័យយុទ្ធសាស្ត្រ ការផ្លាស់ទីកម្លាំងបែបនេះ មិនមែនគ្រាន់តែជាវិធានការការពារធម្មតាទេ ប៉ុន្តែជាការបង្ហាញសញ្ញាសម្ពាធមួយទៅកាន់អ៊ីរ៉ង់ថា អាមេរិកកំពុងចរចា ខណៈដែលនៅតែរក្សាជម្រើសយោធាឱ្យនៅបើកចំហ។
ដូច្នេះ ការផ្លាស់ទីកម្លាំងយោធា ការកើនឡើងតម្លៃប្រេង ការគំរាមបិទច្រក Hormuz ឬការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកពីគ្នាឡើយ។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រសម្ពាធដ៏ធំមួយ ដែលកំពុងដំណើរការស្របគ្នាជាមួយការចរចា។

* យុទ្ធសាស្ត្រវាយនិងត្រៀមវាយ

បើទោះបីមានការប្រកាសផ្អាកបាញ់ក៏ដោយ ការវាយប្រហារមិនបានបញ្ឈប់ទាំងស្រុងដែរ។ ការវាយប្រហារដោយដ្រូន និងការវាយលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅតែបន្តកើតឡើងនៅក្នុងតំបន់។ នេះបង្ហាញថាការផ្អាកបាញ់ មិនមែនជាការបញ្ឈប់ប្រតិបត្តិការយោធាទាំងស្រុងទេ។ វាគ្រាន់ជាការកាត់បន្ថយ ឬផ្លាស់ប្តូរទម្រង់ប្រតិបត្តិការតែប៉ុណ្ណោះ។ សេចក្តីរាយការណ៍ពីទូរទស្សន៍ CNN បានបង្ហាញថា កងកម្លាំងអាមេរិករាប់ពាន់នាក់ទៀត កំពុងធ្វើដំណើរមកកាន់តំបន់មជ្ឈិមបូព៌ា បន្ថែមពីលើកងទ័ពអាកាសលេខ ៨២ ដែលត្រៀមដាក់ពង្រាយមុននេះ។ ជាមួយគ្នានេះ អង្គភាពបេសកកម្មម៉ារីនពីរ និងក្រុមត្រៀមប្រយុទ្ធនាវាចម្បាំង ក៏ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះថ្មីៗនេះផងដែរ ដោយនាំមកនូវកម្លាំងបាញ់ប្រហារ និងជម្រើសយោធាដ៏សំខាន់។

CNN បានរាយការណ៍ថា កងអនុសេនាធំទី 11 MEU (11th Marine Expeditionary Unit) និងក្រុមត្រៀមប្រយុទ្ធ Boxer Amphibious Ready Group ARG ក៏កំពុងពន្លឿន និងផ្លាស់ប្តូរទិសដៅដាក់ពង្រាយពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទៅកាន់មជ្ឈិមបូព៌ា ខណៈដែលកងអនុសេនាធំទី 31 (31st Marine Expeditionary Unit) និងក្រុមត្រៀមប្រយុទ្ធ Tripoli Amphibious Ready Group ក៏កំពុងដាក់ពង្រាយនៅក្នុងតំបន់នេះផងទៀត។

កងកម្លាំង ARG និង MEU ទាំងនេះ មានទាហានម៉ារីន និងនាវិកប្រមាណ ៤,៥០០ នាក់ក្នុងមួយអង្គភាព និងមានសមត្ថភាពយោធាច្រើន ក្រៅពីប្រតិបត្តិការនៅលើដី រួមទាំងសមត្ថភាពអាកាសចរណ៍ ការដឹកជញ្ជូន និងភស្តុភារ ដែលអាចគាំទ្រប្រតិបត្តិការយោធាទ្រង់ទ្រាយធំបាន។
ក្នុងយុទ្ធសាស្ត្រយោធា មានពាក្យមួយហៅថា Operational Pause ដែលមានន័យថា កងទ័ពផ្អាកប្រតិបត្តិការមួយរយៈពេលខ្លី ដើម្បី
- រៀបចំកម្លាំងឡើងវិញ
- ផ្លាស់ទីកម្លាំង
- បំពេញអាវុធ និងសម្ភារៈ
- វាយតម្លៃស្ថានការណ៍
- រៀបចំប្រតិបត្តិការដំណាក់កាលបន្ទាប់
ការផ្អាកបាញ់ មិនតែងតែមានន័យថាសង្គ្រាមកំពុងឈប់ទេ។ វាអាចមានន័យថា សង្គ្រាមកំពុងរៀបចំដំណាក់កាលបន្ទាប់។ ដូច្នេះការផ្អាកបាញ់ ៥ថ្ងៃ អាចមិនមែនជាចុងបញ្ចប់នៃការប្រយុទ្ធទេ ប៉ុន្តែអាចជាដំណាក់កាលមួយ ក្នុងការរៀបចំប្រតិបត្តិការថ្មី ឬការកំណត់យុទ្ធសាស្ត្រថ្មី សម្រាប់ដំណាក់កាលបន្ទាប់នៃសង្គ្រាម។

* សង្គ្រាមសម័យថ្មី កំពុងកើតឡើងក្នុងវិស័យជាច្រើនក្នុងពេលតែមួយ
បើមើលស្ថានការណ៍ទាំងមូល សង្គ្រាមនេះ មិនកើតឡើងតែសមរភូមិយោធាទេ ប៉ុន្តែកំពុងកើតឡើងក្នុងវិស័យជាច្រើនក្នុងពេលតែមួយ ដូចជា៖
- សមរភូមិយោធា
- តុចរចានយោបាយ
- ទីផ្សារថាមពល
- សេដ្ឋកិច្ច
- សង្វាក់ផ្គត់ផ្គង់
- និងសម្ពាធអន្តរជាតិ
នេះជាលក្ខណៈសង្គ្រាមសម័យថ្មី ដែលអ្នកវិភាគជាច្រើនហៅថា សង្គ្រាមដែលកើតឡើងក្នុងវិស័យជាច្រើន នៅក្នុងពេលតែមួយ Multi-domain conflict ។

នៅក្នុងសង្គ្រាមបែបនេះ ប្រទេសមួយ អាចប្រើយុទ្ធសាស្ត្រច្រើនក្នុងពេលតែមួយផងដែរគឺ៖
- ប្រើកម្លាំងយោធា
- ចរចានយោបាយ
- ប្រើសម្ពាធសេដ្ឋកិច្ច
- ប្រើថាមពលជាអាវុធ
- ប្រើសម្ពាធអន្តរជាតិ ដើម្បីបង្ខំឲ្យភាគីម្ខាងទៀតផ្លាស់ប្តូរឥរិយាបថ ឬទទួលយកលក្ខខណ្ឌចរចា។

ដូច្នេះទោះបីមានការផ្អាកបាញ់ក៏ដោយ សង្គ្រាមមិនបានឈប់ឡើយ ព្រោះសង្គ្រាមមិនកើតឡើងតែដោយសារគ្រាប់កាំភ្លើងប៉ុណ្ណោះទេ។ វាកំពុងកើតឡើងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ថាមពល និងការចរចាផងដែរ។ នេះមានន័យថា សង្គ្រាមអាចផ្អាកនៅលើសមរភូមិយោធា ប៉ុន្តែវាមិនបានផ្អាកនៅលើសមរភូមិយុទ្ធសាស្ត្រឡើយ។

សេចក្តីសន្និដ្ឋាន៖ ការផ្អាកបាញ់ ៥ថ្ងៃ មិនមែនជាសញ្ញាថា សង្គ្រាមកំពុងបញ្ចប់ទេ។ វាជាដំណាក់កាលមួយនៃយុទ្ធសាស្ត្រដែលមាន ការចរចា ការគំរាម និងការវាយ ដំណើរការក្នុងពេលតែមួយ។ នេះបង្ហាញថា សង្គ្រាមមិនបានឈប់ទេ ប៉ុន្តែវាកំពុងផ្លាស់ប្តូរទម្រង់ និងផ្លាស់សមរភូមិពីការបាញ់ ទៅរកយុទ្ធសាស្ត្រ សម្ពាធ និងការចរចា។ ក្នុងភូមិសាស្ត្រនយោបាយ ពេលខ្លះសង្គ្រាមមិនឈប់ទេ ទោះបីសម្លេងកាំភ្លើងស្ងប់ក៏ដោយ ព្រោះការចរចា សម្ពាធ និងការត្រៀមវាយក៏ជាផ្នែកមួយនៃសង្គ្រាមដែរ៕