រដ្ឋមន្រ្តីសុខាភិបាល៖ AI ជាឧបករណ៍ដ៏មានអានុភាព ប៉ុន្តែក្នុងវេជ្ជសាស្រ្ត មនុស្សជាអ្នកកំណត់ទិសដៅសម្រេច និងទទួលខុសត្រូវលើផលប៉ះពាល់ទាំងឡាយរបស់ AI
25-03-2026 16:10
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលា «បញ្ញាសិប្បនិម្មិត និងសុខាភិបាល៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍ (Keeping humans at the center of innovation)» លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា AI ជាឧបករណ៍ដ៏មានអានុភាព ប៉ុន្តែក្នុងវេជ្ជសាស្រ្ត មនុស្សជាអ្នកកំណត់ទិសដៅសម្រេច និងទទួលខុសត្រូវលើផលប៉ះពាល់ទាំងឡាយរបស់ AI នេះ។
សិក្ខាសាលានេះគឺមានការចូលរួមពីលោកសាស្រ្តាចារ្យ ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងសាស្ត្រាចារ្យ គ្រូបង្ហាត់ និស្សិតវេជ្ជសាស្ត្រ និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន ដែលរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យវេជ្ជសាស្ត្រ នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងនូវសារៈសំខាន់ ដូចខាងក្រោម៖
*បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។
*ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នៅតែជាការសម្រេចចិត្តរបស់មនុស្ស ដោយមានទំនួលខុសត្រូវ និងគោលការណ៍សីលធម៌ច្បាស់លាស់។
*បញ្ញាសិប្បនិម្មិត អាចជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ដូចជាការតាមដានជំងឺរាតត្បាត និងការវិភាគទិន្នន័យ។
*ការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ ត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប៉ុន្តែត្រូវរក្សាសមត្ថភាពគិតវិភាគ និងការខិតខំប្រឹងប្រែងដោយមនុស្សផ្ទាល់។
*សាស្រ្តាចារ្យ និងគ្រូបង្រៀន មានតួនាទីសំខាន់ ក្នុងការណែនាំ និងគ្រប់គ្រងនិស្សិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានត្រឹមត្រូវ។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ក្នុងបរិបទឌីជីថល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា បញ្ញាសិប្បនិម្មិត គួរត្រូវបានប្រើប្រាស់ជា ឧបករណ៍សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបណ្តុះបណ្តាលទំនើប ប៉ុន្តែមិនមែនជាកត្តាដែលនាំឲ្យប៉ះពាល់ដល់គុណភាពសិក្សាឡើយ។
លោកសាស្ត្រាចារ្យបានថ្លែងទៀតថា ក្រសួងសុខាភិបាលបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ ក្រមសីលធម៌ និងផ្តោតលើមនុស្សជាគន្លងស្នូល ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឱ្យកាន់តែប្រសើរ និងសមភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះដែរលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងថា
សិក្ខាសាលាដែលរៀបចំឡើងនៅថ្ងៃនេះ គឺដើម្បីផ្លាស់ប្តូរនូវយោបល់ ពិភាក្សា និងស្វែងរកចម្លើយមើលថា តើបញ្ញាសិប្បនិម្មិតអាចធ្វើអ្វីបានខ្លះ និងលើសពីនេះទៅទៀត បញ្ជាក់ឱ្យកាន់តែច្បាស់ថា តើអ្វីដែលបញ្ញាសិប្បនិម្មិតមិនអាចជំនួសបាន! ដើម្បីធានាឱ្យបានថា យើងប្រើបច្ចេកវិទ្យាជាឧបករណ៍បម្រើដល់មន្ត្រី បុគ្គលិកសុខាភិបាល និងមិនមែនជំនួសតួនាទីរបស់បុគ្គលឡើយ ហើយក៏មិនប្រើវាដើម្បីធ្វើឱ្យការថែទាំកាន់តែឃ្លាតឆ្ងាយពីទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជំងឺនោះដែរ៕















