កម្លាំងនគរបាល តាមឃាត់ខ្លួនយុវជនដែលបើកម៉ូតូលឿនបុកជនបរទេស២នាក់ ដើរឆ្លងផ្លូវនៅតាមមាត់ទន្លេក្នុងខណ្ឌដូនពេញ
25-03-2026 16:52
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនយុវជនបើកម៉ូតូលឿន ហើយបុកជនបរទេសប្រុសស្រី២នាក់ កំពុងដើរឆ្លងផ្លូវបណ្តាលឲ្យប៉ើង របួសធ្ងន់ស្រាល ដើម្បីចាត់វិធានការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ២៖១០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខម៉ាតមួយកន្លែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នោះគឺ អ្នកបើកម៉ូតូម៉ាក Scoopy ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LI-9659 បុកអ្នកថ្មើរជើង២នាក់ ជាជនបរទេស រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ចំពោះករណីចរាចរណ៍នេះ អ្នករួមដំណើរជាមួយម៉ូតូជាស្រ្តីម្នាក់ក៏ទទួលរងរបួសស្រាលផងដែរ។
ក្រោយមានហេតុការណ៍គ្រោះថ្នាក់ដ៏ព្រឺព្រួចខាងលើនេះ កម្លាំងនគរបាលជំនាញបានរួមសហការគ្នា តាមស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនយុវជនបង្ក មកសួរនាំដើម្បីចាត់ការតាមច្បាប់ជាធរមាន៕








