កម្ពុជា-វៀតណាម បើកកិច្ចប្រជុំចែករំលែកលទ្ធផលការងារប្រចាំឆ្នាំលើកទី១ នៃគម្រោងលើកកម្ពស់ចីរភាពនិរន្តតរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ នៅខេត្តសៀមរាប

25-03-2026 16:55

(សៀមរាប)៖ កម្ពុជា-វៀតណាម នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៦ បានបើកកិច្ចប្រជុំចែករំលែក លទ្ធផលការងារប្រចាំឆ្នាំលើកទី១ នៃគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ (CMDA)។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោកបណ្ឌិត វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មាធិការថ្នាក់តំបន់ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថានក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិភូតំណាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលជាដៃគូរទ្វេភាគីនៃការអនុវត្តគម្រោង, តំណាងដៃគូអភិវឌ្ឍន៍ នៃអង្គការ FAO, IUCN, UNESCO, MERFI, សមាជិកក្រុមប្រឹក្សាបច្ចេកទេស (JTC) និងសមាជិកគណៈកម្មាធិការ សម្របសម្រួលអន្តរក្រសួង (IMC) នៃប្រទេសទាំងពីរ។

គម្រោង «លើកកម្ពស់និរន្ទតរភាពទឹកក្រោមដីឆ្លងដែនតំបន់ដីសណ្តទន្លេមេគង្គ (CMDA)» គឺជាគម្រោងគ្រប់គ្រងទឹកក្រោមដីឆ្លងដែន រវាងកម្ពុជា-វៀតណាម ដែលជាគម្រោងធំជាងគេនៅតំបន់អាស៊ីភាគអគ្នេយ៍ គាំទ្រដោយមូលនិធិបរិស្ថានពិភពលោក (GEF)។ គម្រោងនេះនឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ដើម្បីធានាការគ្រប់គ្រងអាងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងប្រទេសកម្ពុជា និងវៀតណាម។

គោលបំណងនៃគម្រោង គឺដើម្បីលើកកម្ពស់ចីរភាពបរិស្ថាន និងសន្តិសុខទឹក នៅអាងទន្លេមេគង្គ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច និងការប្រើប្រាស់ប្រកបដោយចីរភាពនៃទឹកក្រោមដីឆ្លងដែនរវាង កម្ពុជា-វៀតណាម។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត វ៉ាន់ មុនីនាថ បានលើកឡើងថា គិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការតំរង់ទិសថ្នាក់តំបន់ (RPSC) លើកដំបូងនៅប្រទេសវៀតណាម នៃគម្រោង CMDA បានសម្រេចវឌ្ឍនភាពសំខាន់ៗ រួមមាន៖ ការបង្កើតមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រ និងស្ថាប័នកាន់តែរឹងមាំ សម្រាប់ ការងារអភិបាលកិច្ចទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រួមទាំងការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង (IMC)។

លោកបណ្ឌិតបានបន្តថា តាមរយៈការរួមបញ្ចូលគំរូទិន្នន័យវិទ្យាសាស្ត្រ (integrating scientific modeling) ការគ្រប់គ្រងផ្អែកលើប្រព័ន្ធអេកូឡូស៊ី (ecosystem-based management) និងការសម្របសម្រួលគោលនយោបាយ (policy coordination), គម្រោង CMDA នឹងរួមចំណែកដល់ការកែលម្អសន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងការធ្វើសេចក្តីសម្រេចផ្អែកលើភស្តុតាង និងកិច្ចសហប្រតិបត្តិការឆ្លងដែនរយៈពេលវែង នៅតំបន់មេគង្គ។

លោកបណ្ឌិតបន្តថា ដើម្បីសម្រេចបានគោលដៅខាងលើនេះ កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងនឹងផ្តោតលើចំណុចមួយចំនួន ដូចជា៖ បញ្ចប់ការងារ Transboundary Diagnostic Analysis (TDA) ដើម្បីកំណត់ស្ថានភាព ឬទិន្ននន័យ វិទ្យាសាស្ត្រ ក្រោមការសម្របសម្រួបច្ចេកទេសដោយក្រុមការងារ MERFI, កសាង strategic Action Plan (SAP) ជាមួយអាទិភាពយុទ្ធសាស្ត្រច្បាស់លាស់ ឱកាសវិនិយោគ និងសកម្មភាពគោលនយោបាយ, ពង្រឹងការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័នស្រាវជ្រាវ និងកៀរគរធនធានបន្ថែម ដើម្បីបន្តប្រព័ន្ធតាមដាន និងគម្រោងសាកល្បងក្រោយបញ្ចប់គម្រោង។ គម្រោង CMDA ជាគំរូនៃអភិបាលកិច្ចទឹកក្រោមដី ផ្អែកលើវិទ្យាសាស្ត្រ បញ្ចូលការងារយេនឌ័រ និងកិច្ចសហប្រតិបត្តិការ ដែលការងារទាំងនេះនឹងជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណជំពោះ ៖ FAO សម្រាប់ការត្រួតពិនិត្យរួម និងណែនាំបច្ចេកទេស ក្នុងនាមជាអង្គភាពអនុវត្តគម្រោង GEF; IUCN សម្រាប់ការដឹកនាំអនុវត្ត និងសម្របសម្រួលគម្រោង; UNESCO និង; MERFI សម្រាប់ជំនាញបច្ចេកទេស ក្នុងអភិបាលកិច្ចទឹកក្រោមដី ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនការសេណារីយ៉ូ ព្រមទាំងដៃគូជាតិទាំងអស់រួមមាន៖ ក្រសួងបរិស្ថាន (MOE), ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងអភិវឌ្ឍន៍ជនបទ (MRD), ក្រុមប្រឹក្សាបច្ចេកទេសរួម (JTC) ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចសហការ។

ជាមួយគ្នានេះ សមាសភាពអង្គប្រជុំទាំងមូលមានសុទិដ្ឋិនិយម នឹងទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ ដែលនឹងតម្រង់ទិសឆ្ពោះទៅកាន់ជំហានបន្ទាប់ ក្នុងការអនុវត្តចក្ខុវិស័យរួម សម្រាប់និរន្តរភាពប្រព័ន្ធទឹកក្រោមដីឆ្លងដែន តំបន់ដីសណ្តទន្លេមេគង្គ៕