អង្គការដោះមីនកម្ពុជា និងអង្គការដៃគូ រិះរកវិធីដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដែលសៀមប្រើឈ្លានពានកម្ពុជា, កូនគ្រាប់បែកចង្កោមពី ៦លានទៅ ៧លានគ្រាប់ ត្រូវបានប្រើលើកម្ពុជា
25-03-2026 17:00
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Hans Peter Risser ប្រធានអង្គការ NPA ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចូលជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series» ដែលសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។
សិក្ខាសាលានេះក៏មានមន្រ្តីជំនាញអង្គភាព CMAC ចំនួន ២៨រូប និងអង្គការដៃគូអន្តរជាតិសំខាន់ៗរួមមាន៖ អង្គការ NPA, អង្គការGolden West និងអង្គការ APOPO ជាដើម។ អង្គភាព CMAC និងអង្គការ NPA បានសហការគ្នារៀបចំសិក្ខាសាលានេះឡេីង ដេីម្បីផ្លាស់ប្តូរបទពិសោធន៍លេីការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរី M ដែលរងផលប៉ៈពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន។
គ្រាប់បែកចង្កោមដែលទាហ៊ានសៀម បានប្រេីប្រាស់បាញ់មកលេីបូរណភាពទឹកដីកម្ពុជាមាន ៣ប្រភេទ សំខាន់គឺ M42 M46 និងM85 តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាពCMAC នៅតំបន់រងផលប៉ះពាល់ចំនួន ៣៧១ភូមិនៃខេត្ត ៦ តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ កំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះបាញ់ផ្លោងមកលេីភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់សុីវិលនិងទីតាំងកងទ័ពជាដេីម។
បេីផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី Mនេះ អាចធ្វេីការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រេីប្រាស់គ្រាប់បែកចង្កោមកាំភ្លេីងធំប្រភេទ155MM មានចំនួនប្រមាណ ១២០,០០០ទៅ ១៣០,០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី៦លានទៅ៧លានគ្រាប់។ ការស្រាវជ្រាវមូលដ្ឋានមិនទាន់បញ្ចប់ទាំងស្រុងនៅឡេីយទេ។
សូមបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទស៊េរី M មានប្រេីប្រាស់ក្នុងសង្គ្រាមនៅប្រទេសមួយចំនួនដូចជានៅលីបង់ សុីរី អ៊ុយក្រែន និងយេមែន ជាដេីម។ សូមជម្រាបថា គំនិតផ្តួចផ្តើមនៃការរៀបចំសិក្ខាសាលានេះ បានកើតចេញពីការយល់ឃើញយ៉ាងច្បាស់ថា គ្រាប់បែកចង្កោមប្រភេទនេះ បន្តបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែង ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់ ហេីយអង្គភាពCMACក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល នឹងខិតខំបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ក្តីសង្ឃឹមនិងភាពរុងរឿង៕











































