ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យលើការស្នើសុំលើកទឹកចិត្ត អនុគ្រោះ និងសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ១៨ ទុនវិនិយោគជាង ១៤៤លានដុល្លារ
25-03-2026 17:06
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
គម្រោងទាំងនេះ រួមមានជាអាទិ៍ គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និង គម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។
លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលល្អប្រសើរ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន។ ជាលទ្ធផល គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ កុម្ភៈ ឆ្នាំ ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ប៊ីលានដុល្លារ និង ប៉ាន់ស្មានបង្កើតការងារ ជាង ៥៥ ១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ២០៩ គម្រោង, គម្រោងថ្មី ចំនួន ២១៧ គម្រោង, គម្រោងពង្រីក ចំនួន ២៦ គម្រោង, និង គម្រោងមានស្រាប់ ចំនួន ១៥ គម្រោង ។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន: ១). ការជំរុញការវិនិយោគក្នុងស្រុក, ២). ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣). ការជំរុញការប្រើប្រាស់ និង ការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤). ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ ។
ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តសម្របសម្រួល និង ជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និង ពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ។
លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ក្រុមការងារបាន និងកំពុងបន្តអនុវត្តការងារស្នូលចំនួនពីរ ក្នុងពេលតែមួយដំណាលគ្នា ដោយម្ខាងត្រូវបន្តថែទាំអ្នកវិនិយោគ និង សម្របសម្រួលការដោះស្រាយសំណូមពរ និង បញ្ហាផ្សេងរបស់វិនិយោគិន ដោយតម្លាភាព និង ប្រសិទ្ធភាព, និង ម្ខាងទៀត បន្តទាក់ទាញការវិនិយោគដោយសកម្ម។
ជាមួយនេះ, ក្រុមការងារបាន និង កំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និង ជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេស គម្រោងក្នុងវិស័យឧស្សាហកម្ម និង ទេសចរណ៍ ។ ក្រុមការងារក៏បាន និងកំពុងរៀបចំ និង ចូលរួមផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និង ធុរកិច្ច, រៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់ឧស្សាហកម្ម និង ការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ពង្រឹងផលិតភាព តាមរយៈការបណ្តុះបណ្តាលជំនាញ នៅតាមរោងចក្រ ។
លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល, ក្រុមការងារបាន និងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និង ជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និង ទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណ និង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការរបស់ក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែចូលរួមអនុវត្តកម្មវិធីពិសេស រហូតទទួលបានលទ្ធផលល្អប្រសើរ ។
លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័ន ឱ្យបន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព តាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ការតម្កល់ស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍រួម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕














