ពុទ្ធិកសមាគមកម្ពុជរដ្ឋ បន្តសទ្ធាជ្រះថ្លាឧបត្ថម្ភ ២០,០០០,០០០ រៀល ដល់ជ័យលាភីលេខ១ ក្នុងពិធីបុណ្យព្រហ្មទាន នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
25-03-2026 17:09
(ភ្នំពេញ)៖ លោកស្រី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពហុវុឌ្ឍា ម៉ែន នារីវុឌ្ឍី ហូសិទ្ធី អនុប្រធានអចិន្រ្តៃយ៍ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាតំណាង ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា អញ្ជើញចូលថ្វាយបង្គំនិងប្រគេនបច្ច័យចំនួន ២០,០០០,០០០៛ (ម្ភៃលានរៀល) ជាថវិកា មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ ចំពោះសម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដើម្បីចាត់ចែងក្នុងកិច្ចការពិធីបុណ្យព្រហ្មទាននាពេលខាងមុខ។
ការឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាបច្ច័យសម្រាប់ផ្ដល់ជូនសមណសិស្ស សិស្ស ជ័យលាភីលេខ១ ចំនួន ៤២រូប ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
គួររំលឹកផងដែរថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ តែងតែចូលរួមដោយជ្រះថ្លានិងមានចំណងសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត តាំងពីសម័យដើមរៀងរហូតមកជាប់មិនដាច់ ដើម្បីរួមចំណែកលើកស្ទួយវិស័យពុទ្ធិកសិក្សាជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងនិងថ្កុំថ្កើងជានិរន្តរ៍។
យោងតាមផែនការក្នុងឆ្នាំនេះ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនឹងរៀបចំពិធីបុណ្យព្រហ្មទាន ដើម្បីអបអរសាទរនិងប្រគល់រង្វាន់ដល់សមណសិស្ស សិស្សឆ្នើមទាំង ២ជំនាន់ សរុបចំនួន ១៥៦រូប (ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៧២រូប និងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ៨៤រូប)។
ពិធីដ៏វិសេសវិសាលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖០០នាទី ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
តាងនាមគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ប្រគេនចំពោះ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជូនចំពោះ លោកឧកញ៉ា ព្រមទាំងសប្បុរសជនទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តជាបង្អែកដ៏រឹងមាំក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យពុទ្ធិកសិក្សាជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ៕

























