អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យយុវជនប្រើប្រាស់ អាវុធឌីជីថល ដើម្បីការពារ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ

25-03-2026 17:22

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំរំដួល សាលាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានលើកឡើងថា ការប្រារព្ធទិវានេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ ពិសេសយុវជន ឱ្យចងចាំ និងយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី។

លោកប្រធានមន្ទីរ បានគូសបញ្ជាក់ពីសក្តានុពលវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តត្បូងឃ្មុំ ដែលមានស្ថានីយបុរេប្រវត្តិសាស្ត្រ ៣២កន្លែង ប្រាសាទបុរាណ ៩កន្លែង និងក្រុមសិល្បៈមហាជនចំនួន ២១៦ក្រុម ដែលកំពុងសកម្មក្នុងការថែរក្សាដួងព្រលឹងជាតិ។

ក្នុងឱកាសនោះលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងបរិបទដែលវប្បធម៌បរទេសកំពុងហូរចូលយ៉ាងគំហុកតាមរយៈបណ្ដាញសង្គម យុវជនត្រូវតែជាអ្នកចម្រាញ់ និងជាខែលការពារអត្តសញ្ញាណជាតិ។

លោកបានក្រើនរំលឹកថា «វប្បធម៌ សិល្បៈ គឺជាព្រលឹងជាតិ» ប្រសិនបើក្មួយៗយុវជនមិនរួមគ្នាថែរក្សាទេ នោះអត្តសញ្ញាណរបស់យើងនឹងត្រូវរលាយបាត់បង់ ឬត្រូវបានគេលួចបន្លំយកទៅបកស្រាយខុសពីការពិត ។

លោកអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ស្រទាប់យុវជន ជាសិល្បករ និងសិស្សានុសិស្ស ត្រូវប្រើប្រាស់ចំណេះដឹងផ្នែកឌីជីថល ដើម្បីផលិតមាតិកា (Content) វីដេអូខ្លីៗ ឬរូបភាពស្អាតៗពីវប្បធម៌ខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក ដែលនេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារមរតកដូនតា ពីការរំលោភបំពាន និងការប៉ុនប៉ងលួចបន្លំពីសំណាក់មជ្ឈដ្ឋានខាងក្រៅ។

លោក ប៉ែន កុសល្យ អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំអភិរក្សសិល្បៈក្នុងមូលដ្ឋាន និងបានអំពាវនាវឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តជួយជ្រោមជ្រែងដល់យុវជន ដើម្បីឱ្យពួកគេមានមោទនភាពចំពោះជាតិខ្លួន ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ៕