* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត ជា មុនីឫទ្ធិ៖ សេដ្ឋកិច្ចពណ៌ប្រាក់ក្នុងចរន្តទំនើបកម្មសង្គមនិយមតាមបែបផែនចិន

25-03-2026 17:27

(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ដោយផ្អែកលើការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនមានវ័យចាស់ «សេដ្ឋកិច្ចពណ៌ប្រាក់» បានក្លាយជាមូលដ្ឋានសំខាន់មួយសម្រាប់ការពង្រីកសេដ្ឋកិច្ច ការកែលម្អរចនាសម្ព័ន្ធឧស្សាហកម្ម និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ សេដ្ឋកិច្ចពណ៌ប្រាក់ មិនត្រឹមតែជាការឆ្លើយតបចំពោះបញ្ហាប្រជាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍បច្ចេកវិទ្យា។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា ក្នុងបរិបទនៃការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជនសកល ការកើនឡើងនៃប្រជាជនវ័យចាស់បានក្លាយជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសជាច្រើន។ សម្រាប់ប្រទេសចិន បាតុភូតនេះមិនត្រឹមតែជាបញ្ហាប្រឈមទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការបង្កើតគំរូអភិវឌ្ឍសេដ្ឋកិច្ចថ្មី។ «សេដ្ឋកិច្ចពណ៌ប្រាក់» ត្រូវបានកំណត់ថាជាប្រព័ន្ធសេដ្ឋកិច្ច ដែលផ្តោតលើការបំពេញតម្រូវការរបស់មនុស្សវ័យចាស់ រួមមានសុខាភិបាល សេវាថែទាំ ការកម្សាន្ត និងជីវភាពរស់នៅ។

នៅឆ្នាំ២០២៥ GDP សម្រាប់មនុស្សម្នាក់នៅប្រទេសចិនបានឈានដល់ប្រហែល ១៤,០០០ដុល្លារអាមេរិក ខណៈដែលប្រជាជនអាយុលើសពី ៦០ឆ្នាំមានចំនួនលើស ៣០០លាននាក់។ ទិន្នន័យនេះបង្ហាញថា «សេដ្ឋកិច្ចពណ៌ប្រាក់» កំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

សម្រាប់អ្នកស្រាវជ្រាវខាងលើ សេដ្ឋកិច្ចពណ៌ប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារសរុប។ តម្រូវការកើនឡើងរបស់មនុស្សវ័យចាស់ក្នុងវិស័យសុខាភិបាល សេវាថែទាំ និងផលិតផលប្រើប្រាស់ បានជំរុញការពង្រីកនៃវិស័យសេដ្ឋកិច្ចជាច្រើន។ ការវិនិយោគទាំងក្នុង និងក្រៅប្រទេសក៏កើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ តាមការព្យាករណ៍ សេដ្ឋកិច្ចពណ៌ប្រាក់នៅប្រទេសចិនអាចឈានដល់ប្រហែល ៣០ទ្រីលានយាន់ នៅឆ្នាំ២០៣៥ ដែលបង្ហាញពីសក្តានុពលដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងន័យនេះ វាបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌សង្គម។

សេដ្ឋកិច្ចពណ៌ប្រាក់ បានជំរុញការផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើឧស្សាហកម្មប្រពៃណី ទៅកាន់សេដ្ឋកិច្ចផ្អែកលើសេវាកម្ម និងបច្ចេកវិទ្យាខ្ពស់។ ការអភិវឌ្ឍបច្ចេកវិទ្យាវ័យឆ្លាត និងសេវាកម្មឌីជីថល ក្នុងវិស័យថែទាំសុខភាព និងមនុស្សវ័យចាស់ បានបង្កើតវិមាត្រថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។ លើសពីនេះ វាបានបង្ហាញពីការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ និងមានភាពចម្រុះ ដែលសមស្របនឹងគោលដៅទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

សេដ្ឋកិច្ចពណ៌ប្រាក់ បានដើរតួនាទីសំខាន់ក្នុងការជំរុញតម្រូវការក្នុងស្រុក។ មនុស្សវ័យចាស់ដែលមានប្រាក់សន្សំ និងប្រាក់ចំណូលស្ថិរភាព បានបង្កើនការចំណាយលើសេវាកម្ម ការកម្សាន្ត និងទេសចរណ៍។ ជាពិសេស ការអភិវឌ្ឍជនបទ និងទេសចរណ៍ជនបទបានផ្តល់ឱកាសបន្ថែមសម្រាប់ការបង្កើតប្រាក់ចំណូល។ លទ្ធផលនៃការកើនឡើងនៃការប្រើប្រាស់នេះ បានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចេញ និងបង្កើនស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

សេដ្ឋកិច្ចពណ៌ប្រាក់ បានបង្កើតឱកាសការងារថ្មីៗជាច្រើន ជាពិសេសក្នុងវិស័យសុខាភិបាល និងការថែទាំមនុស្សវ័យចាស់។ វាបានជំរុញការវិនិយោគលើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ដែលជួយលើកកម្ពស់គុណភាពធនធានមនុស្ស។ បន្ថែមពីនេះ វាក៏ជាចលករមួយសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា ដោយក្រុមហ៊ុនបានអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការរបស់មនុស្សវ័យចាស់ និងបង្កើនសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។

ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានកត់សម្គាល់ថា «សេដ្ឋកិច្ចពណ៌ប្រាក់» បានក្លាយជាផ្នែកសំខាន់មួយនៃចរន្តទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ វាមានតួនាទីមិនត្រឹមតែជាការឆ្លើយតបចំពោះបញ្ហាប្រជាជនវ័យចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ការកែលម្អរចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់នឹងបន្តមានសារៈសំខាន់ក្នុងការកំណត់ទិសដៅអនាគតសេដ្ឋកិច្ចរបស់ប្រទេសចិន៕