យុវជនខ្មែរម្នាក់ តាំងចិត្តបំពេញបេសកកម្ម «ដើរដើម្បីកុមារអង្គរ» ថ្មើរជើងម្នាក់ឯង ពីភ្នំពេញទៅខេត្តសៀមរាប រយៈពេល១៤ថ្ងៃ ចម្ងាយផ្លូវ៣២១គីឡូម៉ែត្រ ដើម្បីស្វែងរកការបរិច្ចាគដោយផ្ទាល់ ជួយដល់មន្ទីរពេទ្យកុមារអង្គរ
25-03-2026 17:38
(ភ្នំពេញ)៖ យុវជនខ្មែរមួយរូប ដែលប្រើប្រាស់គណនីបណ្តាញសង្គមឈ្មោះ ណាយរ៉ាយណាយ nicerisenice បានប្រកាសជាផ្លូវការ នូវបេសកកម្មសប្បុរសធម៌ដ៏អស្ចារ្យមួយ ដោយរូបលោកនឹងធ្វើការដើរថ្មើរជើងម្នាក់ឯង រយៈពេល ១៤ ថ្ងៃ ចម្ងាយផ្លូវ ៣២១ គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីស្វែងរកការបរិច្ចាគដោយផ្ទាល់ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
បេសកកម្មដែលមានឈ្មោះថា «ដើរដើម្បីកុមារអង្គរ» នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ ដោយរំពឹងថានឹងប្រើប្រាស់រយៈពេល ១៤ ថ្ងៃ ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ចាម ទីរួមខេត្តកំពង់ធំ និងបញ្ចប់នៅទីរួមខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលចំនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News, លោក ណាយរ៉ាយណាយ បានបញ្ជាក់ពីគោលបំណងដ៏ធំបំផុតនៃបេសកកម្មនេះ គឺដើម្បីបំផុសការចូលរួមពីបងប្អូន ប្រជាពលរដ្ឋគ្រប់ទិសទី ជួយឧបត្ថម្ភគាំទ្រ និងបរិច្ចាគថវិកាដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តបេសកកម្មធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាព ពិសេសការជួយសង្គ្រោះជីវិតកុមារដោយឥតគិតថ្លៃ។
លោកបានបន្តថា «ការដើររបស់ខ្ញុំ មិនមែនដើម្បីភាពល្បីល្បាញនោះទេ ប៉ុន្តែគឺដើម្បីចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ពិសេសបំផុសស្មារតីសប្បុរសធម៌ និងវប្បធម៌នៃការចែករំលែករបស់បងប្អូនខ្មែរយើង ក្នុងការជួយសង្គ្រោះជីវិតកុមារ។ មន្ទីរពេទ្យកុមារអង្គរ កំពុងត្រូវការថវិកា ដើម្បីបន្តបេសកកម្មពិនិត្យ ព្យាបាល និងថែទាំកុមារដោយឥតគិតថ្លៃ ហើយខ្ញុំសង្ឃឹមថា រាល់ជំហានដែលខ្ញុំឈានទៅមុខ នឹងអាចកៀរគរបាននូវទឹកចិត្ត ក្នុងការបរិច្ចាគពីបងប្អូនសប្បុរសជនគ្រប់ទិសទី»។
អ្វីដែលជាចំណុចពិសេស គឺយុវជនរូបនេះបានប្រកាសយ៉ាងច្បាស់ថា សប្បុរសជនដែលចង់ចូលរួមលើកទឹកចិត្ត និងជួយដល់បេសកកម្មនេះ អាចធ្វើការស្កេន KHQR ដើម្បីបរិច្ចាគដោយផ្ទាល់ ទៅកាន់គណនីនៃមន្ទីរពេទ្យកុមារអង្គរតែម្តង (AHC FUNDRAISER (ABA) 000 320 555). ទឹកប្រាក់បរិច្ចាគដ៏មានតម្លៃពីបងប្អូន គឺជា «ដង្ហើម» និងជា «ក្តីសង្ឃឹម» របស់កុមារដែលកំពុងទទួលការពិនិត្យ ព្យាបាល និងថែទាំ នៅមន្ទីរពេទ្យកុមារអង្គរ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយផ្តល់ជាកម្លាំងចិត្ត និងជួយចែករំលែកដំណឹងនេះ ឱ្យបានដឹងឮកាន់តែទូលំទូលាយ ព្រោះរាល់ជំហានដែលលោកដើរ រាល់ដំណក់ញើសដែលនឹងហូរ ក្រោមកម្តៅថ្ងៃដែលនឹងដុតកម្តៅខ្លួនប្រាណ គឺដើម្បីស្វែងរកការបរិច្ចាគដោយផ្ទាល់ ១០០ ភាគរយ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ទោះបីជាលោកដើរតែម្នាក់ឯង ប៉ុន្តែជំហានរបស់លោកនឹងមិនឯកកាឡើយ! លោកជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងនៅជាមួយលោក។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យកុមារអង្គរ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពដល់កុមារឈានមុខមួយ មានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះអាយុជីវិតកុមាររាប់លានអ្នក និងផ្តល់នូវសេវាសុខភាពដែលពួកគេត្រូវការ ប្រកបដោយសេចក្តីមេត្តាករុណា និងគុណភាពខ្ពស់ ក្រោមបេសកកម្មធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់កុមារកម្ពុជាគ្រប់រូប។ ជាមន្ទីរពេទ្យឈានមុខមួយ ក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំដោយឯកទេស ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យទំនើប រួមទាំងក្រុមគ្រូពេទ្យប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់។
មន្ទីរពេទ្យកុមារអង្គរ ក៏មានកិច្ចការនៅតាមសហគមន៍ជនបទមួយចំនួនផងដែរ ដើម្បីលើកកម្ពស់ចំណេះដឹងដល់ឳពុកម្តាយ អាណាព្យាបាលអ្នកជម្ងឺ ទាក់ទងនឹងបញ្ហាសុខភាពចម្បងៗជាច្រើន ហើយក៏ជាមជ្ឈ មណ្ឌលបណ្តុះបណ្តាលសម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយផងដែរ។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយប្រមាណ ៦ លានដុល្លាជារៀងរាល់ឆ្នាំ ដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។
នេះគឺជាសកម្មភាពដ៏កម្រ និងជារឿងដ៏គួរឱ្យកោតសរសើរមួយ ដែលយុវជនម្នាក់ហ៊ានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើររាប់រយគីឡូម៉ែត្រក្រោមកម្តៅថ្ងៃ ដើម្បីសង្គមជាតិ ពិសេសដើម្បីអនាគតកុមារកម្ពុជា៕





