ជប៉ុនផ្តល់ថវិកាជិត ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់កែលម្អការអប់រំបឋមសិក្សា នៅខេត្តកំពង់ធំ
25-03-2026 20:22
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាចំនួន ៤៩៣,៧៦៥ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ សម្រាប់កែលម្អការអប់រំកុមារតូចនៅខេត្តកំពង់ធំ។ កិច្ចសន្យាផ្តល់ជំនួយត្រូវក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ពិធីចុះហត្ថលេខានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖ កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេស កម្ពុជា (ថវិកាចំនួន ៤៩៣.៧៦៥ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការទស្សនៈពិភពលោកជប៉ុន (World Vision Japan)។
បើតាមឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា «អ៉ិនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៧០គម្រោង នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីនេះហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
លោកបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៦ អង្គការទស្សនៈពិភពលោកជប៉ុន បាននិងកំពុងអនុវត្តសកម្មភាពទាក់ទងនឹងសុខភាព អនាម័យ ការអប់រំ និងការលើកកម្ពស់ប្រាក់ចំណូលតាមរយៈការអភិវឌ្ឍន៍សហគមន៍ នៅក្នុងខេត្តនានានៃប្រទេសកម្ពុជា។
«យើងសូមសម្តែងនូវការគោរពដ៏ជ្រាលជ្រៅរបស់ជាថ្មីម្តងទៀត ចំពោះសមទ្ធផលដ៏ធំធេងជាច្រើនឆ្នាំរបស់អង្គការ។ សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ អង្គការទស្សនៈពិភពលោកជប៉ុននឹងផ្តល់ជំនួយគាំទ្រដល់សាលារៀនគោលដៅចំនួន៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ»។ នេះជាការលើកឡើងរបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា អង្គការនឹងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជា៖ ការខ្វះខាតឱកាសសម្រាប់ការបណ្តុះបណ្តាលគ្រូកំពុងបង្រៀន និងកង្វះលទ្ធភាពទទួលបានសម្ភារៈបង្រៀនក៏ដូចជាឧបករណ៍ឌីជីថលនានា ព្រមទាំងគាំទ្រដល់ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែកលើការវាយតម្លៃការសិក្សា។ ជាងនេះទៅទៀតដើម្បីឆ្លើយតបទៅនឹងភាពចាស់ទ្រុឌទ្រោមនៃបរិក្ខារ សាលារៀន និងស្ថានភាពកង្វះនៃសម្ភារៈសិក្សាអង្គការក៏នឹងកែលម្អបរិយាកាសសិក្សា តាមរយៈការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះរំពឹងថានឹងអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សាលើមុខវិជ្ជាមូលដ្ឋានសម្រាប់កុមារដែលរស់នៅតំបន់ជនបទ ហើយអាចរួមចំណែកកាត់បន្ថយគម្លាតក្នុងការសិក្សានៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលថ្មីៗនេះប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន មិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការអភិវឌ្ឍន៍សង្គមរួមមានការកាត់បន្ថយភាពក្រីក្រ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងបរិស្ថានជាដើមផងដែរ។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា រដ្ឋាភិបាលជប៉ុន និងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា មានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា»។
រីឯលោកស្រី Chiba Mina ប្រធានគម្រោងអង្គការទស្សនៈពិភពលោកជប៉ុន បានឱ្យដឹងថា អង្គការទស្សនៈពិភពលោកជប៉ុន បានចាប់ផ្តើមសកម្មភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៦។ ចាប់តាំងពីពេលនោះមកដោយបានសហការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអប់រំមូលដ្ឋាន និងសហគមន៍ដើម្បីគាំទ្រការលូតលាស់ និងការអភិវឌ្ឍសុខភាពល្អរបស់កុមារ តាមរយៈកម្មវិធីអភិវឌ្ឍក់បន់ និងគំនិតផ្តួចផ្តើមផ្សេងៗ។
លោកស្រី Chiba Mina បានថ្លែងថា នៅកម្ពុជាអត្រាចូលរៀនថ្នាក់បឋមសិក្សាមានកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តក្នុងការធានាឱ្យកុមារទាំងអស់ទទួលបានការអប់រំកំរិតបឋមសិក្សាដែលមានគុណភាព និងទទួលបានជំនាញមូលដ្ឋានផ្នែកសិក្សា។ ទោះជាយ៉ាងណាក្តីនៅតាមតំបន់ជនបទ កុមារជាច្រើននៅតែប្រឈមមុខនឹងការលំបាក នៅក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា។
ចំពោះលោកស្រី Chiba Mina បានគូសបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើងពីកត្តាជាច្រើនរួមមានឱកាសបណ្តុះបណ្តាលគ្រូបង្រៀនមានកម្រិតកង្វះខាត សម្ភារៈបង្រៀន និងសម្ភារៈសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់។ តាមរយៈគម្រោងនេះយើងនឹងគាំទ្រសាលាបឋមសិក្សាចំនួន៦ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អង្គការទស្សនពិភពលោកជប៉ុន នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនកម្ពុជា ដើម្បីគាំទ្រការសិក្សា និងអនាគតរបស់កុមារតាមរយៈគម្រោងនេះ។
គួរឱ្យដឹងថា គម្រោងនេះមានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខាន់ៗរបស់គម្រោងរួមមានការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅតាមរយៈការបណ្តុះបណ្តាលគ្រូ ការអនុវត្តថ្នាក់បំប៉ងដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាល ជ ប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕







