រដ្ឋមន្ត្រី ចម និម្មល ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១៤ ក្រោមមូលបទ«គុណតម្លៃនៃការចូលជាសមាជិក WTO នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី» នៅកាមេរូន

25-03-2026 21:13

(យុនដេ, កាមេរូន)៖ លោក ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលចិនលើកទី១៤ ក្រោមមូលបទ«គុណតម្លៃនៃការចូលជាសមាជិក WTO នៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី» ដែលបានរៀបចំឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងយុនដេ ប្រទេសកាមេរូន។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន សហការជាមួយលេខាធិការដ្ឋាន WTO ដែលជាកម្មវិធីអមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ ដើម្បីផ្តល់នូវវេទិកាមួយសម្រាប់ផ្លាស់ប្តូរទស្សនៈគ្នាអំពីគុណតម្លៃនៃសមាជិកភាពរបស់ WTO និងទាញយកបទពិសោធន៍តាមដំណាក់កាលនីមួយៗនៃដំណើរការចូលជាសមាជិក ចាប់តាំងពីដំណើរការចរចារហូតដល់ការអនុវត្តក្រោយការចូលជាសមាជិក ជាដើម។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ បានថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងនាម លោកស្រីរដ្ឋមន្ត្រី ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកាតុមូលចិនក្នុងការជួយគាំទ្រដល់ការចូលជាសមាជិករបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងតួនាទីនៃ WTO ក្នុងការជំរុញប្រទេសអភិវឌ្ឍន៍តិចតួចចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ជាមួយគ្នានេះ លោកអគ្គនាយកក៏បានចែករំលែកនូវទស្សនៈរបស់កម្ពុជា អំពីគុណតម្លៃរបស់ WTO ចាប់តាំងពីការចូលជាសមាជិករបស់កម្ពុជាក្នុងឆ្នាំ២០០៤៕