ការវាយប្រហារផ្លូវអាកាសនៅខេត្ត Anbar ប្រទេសអ៊ីរ៉ាក់ សម្លាប់ទាហាន ៧នាក់ និងរបួស ១៣នាក់ (Video inside)

25-03-2026 21:16

(បាកដាដ)៖ ក្រសួងការពារជាតិ និងប្រភពសន្តិសុខអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃពុធនេះថា ទាហានអ៊ីរ៉ាក់យ៉ាងហោចណាស់ ៧នាក់ត្រូវបានសម្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើទីតាំងកងកម្លាំងចលនាប្រជាជនស៊ីអ៊ីត (PMF) នៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាក្នុងខេត្ត Anbar ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងបានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩:០០ព្រឹក (ម៉ោងក្នុងតំបន់) ដោយបានវាយប្រហារចំគ្លីនិកយោធា និងអង្គភាពវិស្វកម្មដែលនៅក្បែរនោះ។ បច្ចុប្បន្ន ក្រុមសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងគំនរបាក់បែក។

ក្រសួងការពារជាតិអ៊ីរ៉ាក់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយចាត់ទុកថាជា «ការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរបំផុត» លើច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលហាមឃាត់ដាច់ខាតការវាយប្រហារលើមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ។ ក្រសួងបានហៅទង្វើនេះថាជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និងទាមទារឱ្យអ្នកនៅពីក្រោយការវាយប្រហារនេះ ត្រូវតែទទួលខុសត្រូវ៕