អភិបាលខេត្តបាត់ដំបងប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់ភរិយា និងកូនៗ វីរៈកងទព័ ញ៉ែម ភារិន នៅស្រុកបាណន់
25-03-2026 21:24
(បាត់ដំបង់)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត អមដោយ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកបាណន់ ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៤ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី តាយ សារី អាយុ៣៧ឆ្នាំ ជាភរិយា និងកូនរបស់លោកពលបាលឯក ញ៉ែម ភារិន ជាវីរៈកងទ័ពដែលបានពលីជីវិតលើសមរភូមិ។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានចាស់ជរា ជនមានពិការភាព និងមានជីវភាពក្រីក្រ ចំនួន៣២គ្រួសារ ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបងផងដែរ។
លោក ស្រេង សុខា អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឲ្យដឹងថា វីរកងទ័ព និងវីរកងនគរបាលព្រំដែនមានទីលំនៅក្នុងស្រុកបាណន់ ហើយកំពុងឈរជើងនៅសមរភូមិព្រំដែនថៃមានចំនួន ៣៧២ នាក់ ក្នុងនោះ មានគ្រួសារកងទ័ពចំនួន៣៦៣នាក់ កងរាជអាវុធហត្ថ៣នាក់ និងកងនគរបាល៦នាក់។
លោកបញ្ជាក់ថា ក្នុងចំណោមនោះ ទ័ពដែលបានពលីចំនួន៣នាក់ ប្រុស២ ស្រី១(នៅឃុំឈើទាល១នាក់ ឃុំស្ទឹង១នាក់ និងឃុំកន្ទឺ១ ចំនួន១នាក់)ដោយបានរៀបចំពិធីបុណ្យសព តាមប្រពៃណីជាតិយ៉ាងសមរម្យ។
ចំពោះស្ថានភាពរបស់គ្រួសារវីរកងទ័ព អនុសេនីយ៍ត្រី ញ៉ែម ភារិន នៅអង្គភាពវរសេនាតូចលេខ២៤១ កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ នៅទិសតាក្របី ដែលមាន ប្រពន្ធ ឈ្មោះ តាយ សារី រស់នៅផ្ទះជាមួយឪពុកម្តាយ មានទីលំនៅចំណុចចេកហាល ភូមិថ្មី ឃុំកន្ទឺ១ ពុំមានដី ផ្ទះសំបែង ដោយកន្លងមកលោកស្រី និងកូនទៅរស់នៅជាមួយប្តីនៅបន្ទាយ ក្នុងខេត្តឧត្តរមានជ័យ។
ក្រោមការយកចិត្តទុកដាក់របស់ លោក សុខ លូ ដោយមើលពីការលំបាកក្រខ្សត់ ទើប លោកប្រធានសម្រេចទិញដី និងសាងសង់ផ្ទះជូនលោកស្រី តាយ សារី និងកូនៗបានរស់នៅសមរម្យនាពេលនេះ ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនេះ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ។
លើសពីនេះទៅទៀត លោក បានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជំនះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។
លោក សុខ លូ បានបញ្ជាក់បន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជា ទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។
លោកបានបញ្ជាក់ផងដែរថា សម្តេចធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។
អ្នកស្រី តាយ សារី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។
អ្នកស្រី អ្នកស្រី តាយ សារី ជាភរិយា នៃសពវរៈកងទ័ព បានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២៤ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកាចំនួន ៥,៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រx ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
សូមជម្រាបផងដែរថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលស្រុក សប្បុរជន និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។
ដោយឡែកលោកយាយ លោកតានិងប្រជាពលរដ្ឋមានជីវភាពទីទ័លក្រ ដែលរស់នៅភូមិផងរបជាមួយចំនួន ៣២គ្រួសារ ដោយមួយទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកត្រី ១២យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ, ទឹកបរិសុទ្ធ១កេសផងដែរ៕




























