អតីតសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង គ្រោងនឹងរៀបចំកម្មវិធីបាឋកថាស្តីពីការអប់រំសីលធម៌សង្គម សម្រាប់កុមារ និងយុវជន នៅថ្ងៃទី២៨ ខែមីនា ខាងមុខ

26-03-2026 12:25

(ព្រៃវែង)៖ អតីតសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង សហការជាមួយក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា បានផ្ដួចផ្ដើមរៀបចំកម្មវិធីអប់រំសីលធម៌សង្គមមួយ ដើម្បីចូលរួមបង្កើនការយល់ដឹងដល់កុមារ និងយុវជនអំពីតម្លៃសីលធម៌ និងសុជីវធម៌ក្នុងគ្រួសារ និងសង្គម។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន»។

កម្មវិធីបាឋកថានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីព្រឹក នៅបរិវេណសាលាអនុវិទ្យាល័យដូនកឹង ស្ថិតក្នុងភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មវិធីនេះមានការចូលរួមធ្វើបាឋកថាពីព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ ព្រមទាំងលោកបណ្ឌិត ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

បើតាមការបញ្ជាក់របស់លោក នឹម នីបូណា ប្រធានក្រុមការងាររៀបចំកម្មវិធី បាឋកថានេះមានគោលបំណងសំខាន់ផ្តោតលើការលើកកម្ពស់ ការយល់ដឹងអំពីសីលធម៌ និងគុណធម៌ដល់សិស្សានុសិស្ស និងយុវជន ដើម្បីជាគ្រឹះសម្រាប់ការកសាងគ្រួសារ និងសង្គមឱ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន៕