ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងចែកអំណោយជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមតំបន់ព្រំដែន ក្នុងខេត្តព្រះវិហារ

26-03-2026 14:29

(ព្រះវិហារ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមតំបន់ព្រំដែនខេត្តព្រះវិហារ នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងក្រុមហ៊ុន Yeo’s Cambodia ព្រមទាំងបុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានសិក្សាតាមតំបន់ព្រំដែន នៃខេត្តព្រះវិហារជាច្រើនរូបទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ តាមតំបន់ព្រំដែនទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកដើម្បីបន្តបេសកកម្មផ្តល់សេវាអប់រំជូនដល់សិស្សានុសិស្សនៅតាមតំបន់ព្រំដែន ដូចជាការវិលត្រឡប់មកកាន់សាលាវិញនាពេលនេះ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងលើកឡើងពីគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយៗជាសាលារៀនឌីជីថល តាមរយៈការរៀបចំ បន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និងមធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ក្រោយស្វែងយល់ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ដើម្បីធានាបានថាធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា។

បន្ថែមលើនេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានថ្លែងផ្ដល់ការណែនាំដល់បុគ្គលិកអប់រំទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់សាលារៀនឱ្យកាន់តែស៊ីជម្រៅ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា ដោយជំរុញមាតាបិតាឱ្យបញ្ជូនកូនមកសាលាឱ្យបានច្រើន និងពង្រឹងមូលដ្ឋានគ្រឹះអំណានដំបូង និងគណិតវិទ្យាដំបូងសម្រាប់កម្រិតបឋមសិក្សា។

ទន្ទឹមនឹងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ និងការបញ្ចូលបច្ចេកវិទ្យាក្នុងការតែងការបង្រៀន លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ក្នុងការតាមដានយ៉ាងជិតស្និទ្ធលើការសិក្សារបស់កូនៗនៅផ្ទះ សហការជាមួយលោកគ្រូ អ្នកគ្រូ និងបង្កបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ដើម្បីជំរុញស្មារតីកុមារឱ្យស្រឡាញ់ការរៀនសូត្រ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវសុខសន្តិភាព ខណៈក្រសួងសន្យានឹងបន្តយកចិត្តទុកដាក់នៅជាមួយបងប្អូនអប់រំគ្រប់កាលៈទេសៈ។

ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់មកលើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តព្រះវិហារ។លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបន្តគាំទ្រ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត៕