អាជ្ញាធរស្រុកកំពង់លែង បន្តរិះរកគ្រប់មធ្យោបាយដោះស្រាយវិវាទដីធ្លី ជូនពលរដ្ឋនៅឃុំពោធិ៍ និងឃុំត្រងិល ប្រកបដោយភាពឈ្នះឈ្នះទាំងសងខាង

26-03-2026 14:46

(កំពង់ឆ្នាំង)៖ ករណីទំនាស់ដីធ្លីដ៏រាំរ៉ៃមួយ នៅស្រុកកំពង់លែង ប៉ុន្មានថ្ងៃនេះ អាជ្ញាធរប្រឹងប្រែង ក្នុងការសម្របសម្រួលដោះស្រាយ ជូនប្រជាពលរដ្ឋតែមិនទាន់ ត្រូវបានដោះស្រាយ បញ្ចប់នៅឡើយ។ ដោយសារតែភាគីទំនាស់ទាំងសងខាង ពុំទាន់មានការព្រមព្រៀងគ្នា បើទោះជាអាជ្ញាធរព្យាយាមសម្របសម្រួលដោះស្រាយបញ្ចប់ករណីវិវាទខាង លើនេះជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

ជាក់ស្ដែង នៅថ្ងៃទី១៨ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត សហការជាមួយរដ្ឋបាលស្រុកកំពង់លែង បានកោះហៅភាគីពាក់ព័ន្ធទាំងសងខាង ក្នុងនោះមានពលរដ្ឋមកពីឃុំពោធិ៍៩គ្រួសារ និងពលរដ្ឋឃុំត្រងិល១១គ្រួសារ មកធ្វើការសម្របសម្រួលដោះស្រាយចំនួន២លើក ជាលទ្ធផល នៅតែមិនអាចសម្របសម្រួលបានដដែល ដោយភាគីទាំង២ មិនឯកភាពគ្នាដោយពលរដ្ឋឃុំពោធិ៍ នៅតែទាមទារចែកភាគរយស្មើគ្នា ប៉ុន្តែពលរដ្ឋឃុំត្រងិលមិនយល់ព្រម។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងឃុំត្រងិល ស្រុកកំពង់លែង ដែលបានចូលរួមដោះស្រាយ នៅសាលាស្រុកកំពង់លែង។

ពាក់ព័ន្ធនឹងករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋទាំងពីរឃុំខាងលើនេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានឲ្យដឹងដែរថា ករណីនេះ លោកនឹងបន្តប្រជុំពិភាក្សាគ្នាម្ដងទៀត ដើម្បីរិះរកនូវគ្រប់មធ្យោបាយ ក្នុងការសម្របសម្រួលដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំង២ភាគី អាចទទួលយកបាន និងឈ្នះឈ្នះទាំងអស់គ្នា។

លោកបានបញ្ជាក់ថា ចំពោះការស្នើសុំបោះបង្គោលព្រំដីរវាងដីអាស្រ័យផលរបស់រដ្ឋ និងដីគ្រប់គ្រងដោយបរិស្ថាន គឺមន្ត្រីជំនាញ និងអាជ្ញាធរបានចាប់ផ្ដើម រៀបចំបោះបង្គោលតាំងពីថ្ងៃទី២៥ ខែមីនាម្សិលមិញនេះ នឹងត្រូវធ្វើឲ្យរួចរាល់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ស្អែកនេះ។ ក្នុងនោះ ក្រុមការងារត្រូវរៀបចំបោះបង្គោលព្រំដីរវាងដីបរិស្ថាន និងដីអាស្រ័យផលរបស់ពលរដ្ឋ និងមួយផ្នែកទៀតបោះបង្គោលព្រំរដ្ឋបាលរវាងឃុំពោធិ៍ និងឃុំត្រងិលផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីដីទំនាស់ខាងលើនេះ យោងតាមឯកសាររបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដែលបានចុះមកពិនិត្យដោះស្រាយ តាមសំណើរបស់ប្រជាពលរដ្ឋ ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៤៧គ្រួសារ ដែលបានដាក់សំណើសុំកិច្ចអន្តរាគមន៍ ទៅក្រសួងរៀបចំដែនដី នៅអំឡុងឆ្នាំ២០១៨។

លុះនៅឆ្នាំ២០១៩ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចុះធ្វើការពិនិត្យដោះស្រាយ និងបានរកឃើញដីទំហំ ៥១៤,០៦៥ហិកតា មិនស្ថិតនៅក្នុងអនុក្រឹត្យលេខ២០០ អនក្រ.បកចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងក៏មិនស្ថិតនៅក្នុងផែនទីដីសហគមន៍ព្រៃឈើ ឧបសម្ព័ន្ធ នៃប្រកាសលេខ៤៨៥ប្រក.កសក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះដែរ។

ក្រសួងបានសម្រេចប្រគល់ដីជាង៥១ហិកតាខាងលើនេះ ទៅឱ្យពលរដ្ឋក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រប់គ្រងនិងអាស្រ័យផលបន្ត៕