ពលរដ្ឋភៀសសឹកមកចាប់ឆ្នោតរើសក្បាលដី និងផ្ទះ, អភិបាលខេត្តបន្ទាយមានជ័យ៖ ការរៀបចំដី និងផ្ទះជូនបងប្អូន មិនមែនជាថ្នូរនៃការដោះដូរជាមួយដីដែលទាហានថៃព័ទ្ធយកនោះទេ ជាការសម្រួលជូនបងប្អូនស្នាក់នៅបណ្តោះ អាសន្នប៉ុណ្ណោះ
26-03-2026 15:01
(បន្ទាយមានជ័យ)៖ ថ្លែងទៅកាន់ពលរដ្ឋភៀសសឹក ក្នុងពេលមកចាប់ឆ្នោតរើសក្បាលដី និងផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនថា ការរៀបចំដី និងផ្ទះជូនបងប្អូន មិនមែនជាថ្នូរ នៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃព័ទ្ធយកនោះទេ គឺជាការរៀបចំឲ្យបងប្អូនរស់នៅជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
លោក អ៊ុំ រាត្រី បានថ្លែងថា បងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុងទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រី បានគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន ព្រមទាំងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក លើផ្ទៃដីទំហំ៤០០ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចាប់ផ្តើមនេះជាជំហានទី២ មានភូមិផ្លូវបំបែក៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង៤០២គ្រួសារ នៅឃុំគោករមៀត។ សូមបញ្ជាក់ថា ជំហានដំបូងនៃការចាប់ឆ្នោតរើសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីរភូមិ ក្នុងមានភូមិបន្ទាយមានរិទ្ធ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសា យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅ លើទីតាំងដីរបស់ខ្លួនបាន មានដូចជា៖
*ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕





















