វិចារណកថា៖ កោះស្រឡៅ បេសកកម្មឆ្ពោះទៅរកកោះអព្យាក្រឹត្យកាបូនដំបូងបង្អស់របស់កម្ពុជា

26-03-2026 15:34

(ភ្នំពេញ)៖ ក្រសួងបរិស្ថានកម្ពុជា បានប្រកាសដាក់ចេញនូវយុទ្ធនាការដាំដើមព្រៃកោងកាងឡើងវិញទ្រង់ទ្រាយធំ ដើម្បីប្រែក្លាយ «កោះស្រឡៅ» ឱ្យទៅជាតំបន់គំរូនៃ «អព្យាក្រឹត្យកាបូន» (Carbon Neutrality) ដំបូងគេបង្អស់នៅក្នុងប្រទេស។ គម្រោងយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវអាកាសធាតុរបស់កម្ពុជា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ទី១៖ អំណាចនៃ «កាបូនខៀវ» (Blue Carbon)

ការស្តារអេកូឡូស៊ីព្រៃកោងកាងនៅលើកោះស្រឡៅ គឺជាចំណុចស្នូលនៃគម្រោង។ ព្រៃកោងកាងត្រូវបានគេស្គាល់ជាអន្តរជាតិថាជា "កាបូនខៀវ" ដោយសារសមត្ថភាពខ្ពស់ក្នុងការស្រូបយក និងរក្សាទុកឧស្ម័នកាបូនិកលើសលប់ជាងព្រៃឈើលើដីគោកធម្មតា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ទី២៖ បរិវត្តកម្មថាមពលស្អាត និងការគ្រប់គ្រងសំណល់

ក្រៅពីការអភិរក្សធម្មជាតិតាមរយៈការដាំដើមឈើឡើងវិញ ការផ្ដល់ភាពជាម្ចាស់ដោយសហគមន៍ជាអ្នកគ្រប់គ្រងដោយផ្ទាល់ គម្រោងនេះរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរជីវភាពបែបកាបូនទាបតាមរយៈ៖

*ថាមពលបៃតង៖ ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យជូនគ្រួសារជាង ៣៥០លើកោះ ដើម្បីជំនួសការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងពង្រីកថាមពលស្អាត

*អនាម័យសហគមន៍៖ ការផ្គត់ផ្គង់ធុងសំរាម និងមធ្យោបាយប្រមូលសំណល់ ដើម្បីកាត់បន្ថយការបំពុល និងជំរុញលើកកម្ពស់ឥរិយាបថស្រឡាញ់បរិស្ថាន។

ទី៣៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា កោះស្រឡៅគឺជា ចំណុចចាប់ផ្តើមយុទ្ធសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូននៅទូទាំងប្រទេស យើងត្រូវកសាងភាពជោគជ័យចេញពីកោះគំរូមួយនេះសិន រួចទើបពង្រីកវិសាលភាពទៅកាន់សហគមន៍ផ្សេងៗទៀត»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជាពិសេសចំពោះអង្គការ GIZ, UNDP និង GGGI ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមគាំទ្រ ដែលជាផ្នែកមួយយ៉ាងសំខាង់នៃកម្លាំងចលករក្នុងការអនុវត្តគម្រោងនេះ។

សេចក្ដីសន្និដ្ឋានគួរបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងកោះស្រឡៅនេះ នឹងក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់កម្ពុជា ពិសេសវាជាផ្លូវសម្រាប់គម្រោងស្រដៀងគ្នានៅទូទាំងប្រទេស ដោយភ្ជាប់ការអភិរក្សជីវៈចម្រុះឆ្នេរ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈទេសចរណ៍បៃតង និងការប្តេជ្ញាចិត្តរបស់កម្ពុជាលើការកាត់បន្ថយការប្រែប្រួលអាកាសធាតុថ្នាក់ជាតិ។ វាមិនត្រឹមតែជាការការពារផែនដីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងអនាគតដ៏រឹងមាំសម្រាប់សហគមន៍ឆ្នេររបស់កម្ពុជា៕