មន្រ្តីកងទ័ពកម្ពុជា បដិសេធចំពោះការចោទប្រកាន់របស់ថៃ ហើយកងទ័ពប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ (Video inside)
26-03-2026 18:39
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយដោយដកស្រង់សម្តីរបស់វរសេនីយន៍ឯក ធម្មនូន វណ្ណា មេបញ្ជាការអង្គភាពពិសេសកងពលតូចថ្មើរជើងទឹកត្រាត បានលើកឡើងថា «ទាហានកម្ពុជានៅថ្មដាបានបាញ់កាំភ្លើងវែងបីឈុត ដោយអះអាងថាពួកគេមិនសប្បាយចិត្តដែលថ្នាក់លើរបស់ពួកគេ ដែលឧត្តមសេនីយ៍ម្នាក់ នឹងត្រូវបានផ្ទេរតំណែង ជាការបង្កការញុះញ៉ុងបង្កភាពតានតឹង ហើយមេបញ្ជាការនៃកងកម្លាំងពិសេសកងម៉ារីនថៃនៅខេត្តត្រាតរូបនោះបានព្រមានថា ប្រសិនបើវាកើតឡើងម្តងទៀត បាញ់តទៅវិញ»។
បើយោងតាមការគូសបញ្ជាក់ពីកងកម្លាំងកម្ពុជា ដែលប្រចាំការនៅទិសថ្មដាបានឱ្យដឹងថា ការលើកឡើងរបស់ភាគីថៃខាងលើមិនមែនជាការពិតនោះទេ។ កងទ័ពកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលភាគីកម្ពុជានិងថៃមាន និងបាននិងកំពុងអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
កងកម្លាំងជួរមុខក៏បានបញ្ជាក់ថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន។





