រដ្ឋមន្ត្រីកសិកម្ម ចាត់មន្ត្រីជំនាញ ស៊ើបអង្កេតករណីនៅខេត្តក្រចេះ ដើម្បីកំណត់អ្នកទទួលខុសត្រូវ និងស្នើដល់លោក តាន់ គឹមសួរ ចូលរួមសហការផ្ដល់ព័ត៌មានលម្អិត
27-03-2026 12:10
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកបានចាត់អគ្គនាយកដ្ឋានព្រៃឈើ ស៊ើបអង្កេតលើករណីលើកឡើងដោយ លោក តាន់ គឹមសួរ ដើម្បីកំណត់អ្នកទទួលខុសត្រូវជាក់លាក់ និងស្នើដល់ លោក តាន់ គឹមសួរ ចូលរួមសហការផ្ដល់ព័ត៌មានលម្អិតបន្ថែម។
ចំណាត់ការរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្រោយការបង្ហោះវីដេអូរបស់ លោក តាំង គឹមសួរ ដែលគេស្គាល់ថាជាសកម្មជនព្រៃឈើ រាយការណ៍ពីបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ និងអះអាងថា ខណ្ឌរដ្ឋបាលព្រៃឈើមិនបានសហការជាមួយខ្លួនក្នុងការបង្ក្រាបឡើយ។
ឆ្លើយតបនឹងការផ្សព្វផ្សាយរបស់លោក តាំង គឹមសួរ, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួួងកសិកម្ម បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានឃើញផុសនេះ ហើយ។ ឯឧ អគ្គនាយកព្រៃឈើ និងសត្វព្រៃ នឹងអង្កេតរឿងនេះ ឱ្យបានច្បាស់លាស់ សូម លោក តាំង គឹមសួរ ចូលមកសហការ ផ្តល់ព័ត៌មានឱ្យច្បាស់លាស់ យើងនឹងកំណត់ឱ្យជាក់អ្នកទទួលខុសត្រូវ បើសិនជាករណីនេះរកឃើញថាមានកំហុស»។
គួរជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ ក្រសួងបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានចំនួន ៧៥១ករណី៕






