ក្រសួងកសិកម្ម រៀបចំវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយថវិកាសមិទ្ធផលឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
27-03-2026 12:36
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយថវិកាសមិទ្ធផលឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ ដើម្បីបង្កើនតម្លាភាពថវិកាឱ្យកាន់តែល្អប្រសើរឡើងថែមទៀតនៅកម្រិតក្រសួង ស្ថាប័ន និងមានអនុលោមភាពតាមផែនការសកម្មភាពរួម ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធាណៈ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួង, ប្រធានមន្ទីរកសិកម្មគ្រប់បណ្ដាខេត្ត សមាជិកសមាជិកាក្រោមចំណុះក្រសួងជាច្រើនរូបផ្សេងទៀត។
ថ្លែងទៅកាន់អង្គវេទិកា លោករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។
លោក ឌិត ទីណា បានផ្តល់ធាតុចូលនិងសង្កត់ធ្ងន់ពី «មានហូប» ដោយធានាបាននូវសន្តិសុខស្បៀង និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត ដោយ «មានបាន» គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាពទៅរកវិស័យឧស្សាហកម្ម និងសេវាកម្ម ដើម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត និង «មានប្រើ និងមានរហូត» ពោលគឺមានផលិតផល និងកសិផលប្រើប្រាស់គ្រប់គ្រាន់ ការការពារធនធានធម្មជាតិ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
តាមរយៈវេទិកានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់កម្មវិធីចំនួន៣ រួមមាន៖ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការគ្រប់គ្រងពង្រឹងក្រសួងស្ថាប័ន និងសេវាគាំទ្រផ្សេងៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានផលចំណេញទាំងអស់គ្នា។ លោក ក៏លើកទឹកចិត្តដល់អង្គវេទិកាទាំងអស់បើកទូលាយចូលរួមពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត ឱ្យស្របតាមគោលដៅ គោលនយោបាយ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្មកម្ពុជា។
សូមជម្រាបថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម
និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឆ្លងកាត់ជា៤ ដំណាក់កាល រួមមាន៖
*ដំណាក់កាលទី១៖ ភាពជឿទុកចិត្តនៃថវិកា (២០០៤-២០០៨)៖ មានគោលបំណងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ (Fiscal Space) ដើម្បីទ្រទ្រង់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍និងសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងបរិបទដែលស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាននិងកំពុងរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ លទ្ធផលនៃផ្នែកនេះ គឺសម្រេចឱ្យបាននូវការប្រមូលចំណូលប្រចាំឆ្នាំក្នុងរង្វង់ +/-៥% នៃច្បាប់ថវិកា ព្រមទាំងជំរុញការកែលម្អគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ ដើម្បីកៀរគរចំណូលឱ្យអស់សក្តានុពល (ការអនុវត្តការប្រមូលចំណូលពន្ធលើចំណេញមូលធន និងការត្រៀមអនុវត្តការប្រមូលចំណូលពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល) និងផ្ដល់ការ-លើកទឹកចិត្តផ្នែកសារពើពន្ធឱ្យចំគោលដៅ សម្រាប់ការលើក-កម្ពស់ភាពប្រកួតប្រជែងនិងការបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ។
*ដំណាក់កាលទី២៖ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥)៖ ចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី និងអង្គភាពថវិកា និងប្រព័ន្ធព័តមានវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ (FMIS)។
*ដំណាក់កាលទី៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២២)៖ ការកែទម្រង់ប្រព័ន្ធ ផែនការយុទ្ធសាស្ត្រថវិកា (BSP) ថវិកាកម្មវិធី (PB) និងអង្គភាពថវិកា
*ដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)៖ ការគ្រប់គ្រងនិងវាយតម្លៃលទ្ធផល និងសមិទ្ធកម្ម៕













