សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសពិធីចម្រើនជន្មាយុ

27-03-2026 12:42

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុ។

ក្នុងសារលិខិតជូនពរ បានសរសេរថា «ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមបណ្ឌិត នៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ខ្ញុំ និងភរិយា សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូន ឯកឧត្តមបណ្ឌិត។

ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះវីរភាពរបស់ ឯកឧត្តមបណ្ឌិត ដែលបាន ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញគ្រប់តួនាទី ភារកិច្ច ជាពិសេសក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការជឿជាក់ពីសាធារណមតិជាតិ និងអន្តរជាតិ តាមរយៈការជំរុញការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ការពន្លឿនការដោះស្រាយសំណុំរឿង និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់ចៅក្រម និងក្រឡាបញ្ជី។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមយាងបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំង ប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕