រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ផ្ដល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ

27-03-2026 12:45

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានផ្ដល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងថា លោកស្រីសូមផ្តោតបន្ថែម លើកិច្ចការអាទិភាពសម្រាប់ក្រសួង និងមន្ទីរកិច្ចការនារី និងក្នុងកិច្ចសហការ ជាមួយនឹងក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

ទី១៖ បន្តអនុវត្តអភិក្រមបរិវត្តកម្មយេនឌ័រ (Gender Tranformative Approach) នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ, ការពង្រឹងយន្តការបញ្ជាបយេនឌ័រនៅតាមវិស័យ និង គ្រប់កម្រិត, ការបណ្តុះនិយាមសង្គមវិជ្ជមាន, កម្មវិធីថវិកាឆ្លើយតបយេនឌ័រនៅតាមវិស័យ (GRB) និងពង្រឹងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃសមិទ្ធកម្មឆ្លើយតបនឹងយេនឌ័រ។

ទី២៖ លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិន និងអាជីវករជាស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSME) តាមរយៈការពង្រីកវិសាលភាព និងភាព ជាដៃគូជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ ក្នុងក្របខណ្ឌការងារនៃមជ្ឈមណ្ឌល អភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនស្ត្រី (WEE-DC) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី (WDC) តាមខេត្ត ដើម្បីអភិវឌ្ឍន៍សហគ្រិនភាព ជំនាញ បរិយាបន្នហិរញ្ញវត្ថុ និងទីផ្សារ តាមរយៈ យុទ្ធនាការផលិផលស្ត្រី (#MadeByHer) រួមទាំងការគាំទ្រដល់ស្ត្រី ដែលកំពុងប្រកបរបរក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងនៅទីជនបទ។

ទី៣៖ ពិនិត្យមើលលទ្ធភាពនានា ក្នុងការពង្រឹង និងពង្រីកកម្មវិធី និងវិធានការគោលនយោបាយ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម តាមរយៈ ការដាក់ចេញនូវក្របខណ្ឌការងារ និងផែនការសកម្មភាព ស្តីពីសេដ្ឋកិច្ចដែលគិតគូរពី សុខុមាលភាព (Care Economy Framework and Action Plan) រួមទាំងការបន្តចូលរួម លើកកម្ពស់សមភាពយេនឌ័រ ក្នុងក្របខ័ណ្ឌជាតិគាំពារសង្គម និងសេវាថែទាំសុខភាពឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)។

ទី៤៖ បន្តសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី និងវិធានការ លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅគ្រប់កម្រិត រួមទាំងកម្មវិធីភាពជាអ្នកដឹកនាំ របស់ក្មេងស្រី។ នៅក្នុងនោះ, ខ្ញុំសូមថ្លែងអំណរគុណលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានលើកឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នៅក្រសួងមហាផ្ទៃ «ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ឯកឧត្តមផ្ទាល់ កំពុងគិតគូរពាក់ព័ន្ធនឹងការបង្កើនចំនួនស្ត្រី ជាអភិបាលរង យ៉ាងតិច២រូប ក្នុងគណៈអភិបាលរាជធានី ខេត្ត»

ទី៥៖ ដឹកនាំសម្របសម្រួលការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើ ស្ត្រី ឆ្នាំ២០២៥-២០៣០ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ការរៀបអាពាហ៍ ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់ រួមទាំងការបន្តពង្រឹង និងពង្រីកយន្តការ ទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកន្លែងផ្តល់ សេវាចម្រុះឆ្លើយតប ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (OSSU)។

ទី៦៖ រៀបចំកម្មវិធី «ពុកម៉ែល្អ កូនល្អ» និង «ម្តាយឆ្នើម» និងអនុវត្តយុទ្ធនាការសាធារណៈ នៅគ្រប់កម្រិត ក្នុងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងឯកជន ដើម្បីលើកកម្ពស់ការពង្រឹង ទំនាក់ទំនងអន្តរជំនាន់ ផ្នត់គំនិតនិងឥរិយាបថជាវិជ្ជមានរបស់សង្គម និងគ្រួសារ រួមទាំង ការគាំទ្រដល់សមភាពយេនឌ័រ និងវប្បធម៌អហិង្សា ដើម្បីសុខុដុមរមនាក្នុងការរស់នៅ។

ទី៧៖ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តោតការយកចិត្តទុកដាក់លើការ ដោះស្រាយបញ្ហាគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល រួមទាំងតួនាទីស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍន៍បៃតង, សុវត្ថិភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង អនឡាញសម្រាប់ស្ត្រីនិងក្មេងស្រី។

ទី៨៖ បន្តដឹកនាំ និងពង្រឹងការសម្របសម្រួលក្នុងក្របខ័ណ្ឌ គណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដើម្បីចូលរួមរក្សាវប្បធម៌ និងប្រពៃណីខ្មែរ គោរពវិ ន័យ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម លើកតម្កើងសីលធម៌ គុណធម៌ និងរក្សាសណ្តាប់ធ្នាប់ ព្រមទាំងពង្រឹងសុខដុមរមនានៅក្នុងគ្រួសារ និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារគ្រប់ រូបភាព។

ទី៩៖ លើកកម្ពស់ភាពជាដៃគូ ជាមួយក្រសួង ស្ថាប័ន សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំង បន្តកិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការងារកិច្ចការនារី ជា ពិសេសការលើកកម្ពស់ការអនុវត្តរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ៕