ក្រសួងកសិកម្ម ផ្ដួចផ្ដើមបង្កើតបណ្ដាញអង្គការ និងសហគមន៍​នៅ​តាមតំបន់ឆ្នេរ និងសមុទ្រ ដើម្បីពង្រឹងកិច្ចសហការក្នុង​ការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

27-03-2026 13:14

(កំពត)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូ​នៅតំបន់ឆ្នេរ និងសមុទ្រ» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្ត​កំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានលើកឡើងថា បណ្ដាញដៃគូនៃការ​អនុវត្ត​គម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករ​ដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល​សមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលា​ឡើងក្នុងគោលដៅកសាងទំនាក់ទំនងល្អ នឹងឈានទៅសម្រេចបាន​ការបង្កើតបណ្ដាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរនិងសមុទ្រ ដើម្បីគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជល​ផល​សមុទ្រ។

ការងារនេះអនុវត្តជាដៃគូ រវាងរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានជលផលជាសេនាធិការ​ផ្ទាល់ ខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការមិន​មែន​រដ្ឋាភិបាល វិស័យឯកជន បណ្តាញសហគមន៍ នឹងរួមគ្នាលើក​កម្ពស់​ជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។ បើយោងតាមការបញ្ជាក់របស់កញ្ញាអនុរដ្ឋលេខាធិកាេ។

ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានថ្លែងអំណរ​គុណ​ដល់ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង។

សូមជម្រាបថា តាមរយៈការ​ចូលរួម​ពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងសកម្មពីសិក្ខាកាម និងចែក​រំលែក​បទពិសោធន៍ ពីអង្គការដៃគូទាំងអស់ កញ្ញា អ៊ឹម រចនា ជឿជាក់ថា ការគ្រប់គ្រងធនធានជលផលសមុទ្ររបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុន ដើម្បីធានានិរន្ដរភាពធនធាន​ជលផលសមុទ្រកម្ពុជា ឲ្យបានគង់វង្ស ឋិតឋេរ ធំធាត់ សម្រាប់កូនចៅ​ជំនាន់ក្រោយ៕