រដ្ឋមន្រ្តី៖ ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាសាកល ទាមទារឱ្យកម្ពុជាបង្កើនសមត្ថភាព ភាពធន់ និងសម្របខ្លួនខ្ពស់ជាមួយបច្ចេកវិទ្យាឈានមុខ (Video inside)
27-03-2026 13:47
(ភ្នំពេញ)៖ លោក ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការផ្លាស់ប្តូរនូវបរិបទសេដ្ឋកិច្ច និងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាសាកល ទាមទារឱ្យកម្ពុជាបង្កើនសមត្ថភាព ភាពធន់ ភាពបត់បែន និងសម្របខ្លួនខ្ពស់ជាមួយបច្ចេកវិទ្យាឈានមុខចម្បងៗដូចជា ឌីជីថល ជីវៈសិប្បនិមិ្មត បញ្ញាសិប្បនិម្មិត កម្មន្តសាលទំនើប ជីវ់ៈបច្ចេកវិទ្យា និងបច្ចេកវិទ្យាបៃតង ខណៈបច្ចេកវិទ្យាទាំងនេះ កំពុងតែជំរុញឱ្យមានការធ្វើបរិវត្តកម្ម រចនាសម្ព័ន្ធនៃឧស្សាហកម្ម ក៏ដូចជាបង្កើតឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងពិភពលោក។
លោក ហែម វណ្ឌឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សា ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងរយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្នុងយុគ្គសម័យថ្មីនេះ ប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្ម កាត់ដេរ និងទេសចរណ៍ជាដើម អាចប្រឈមនឹងបញ្ហាជាច្រើន ដូចជាការកើនឡើងនូវតម្លៃវត្ថុធាតុដើម កើនឡើងនៃតម្លៃកម្លាំងពលកម្ម និងការប្រកួតប្រជែងខ្ពស់ពីប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក។ ដូច្នេះកម្ពុជាត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងមានមហិច្ឆិតា ក្នុងការប្រែក្លាយពីប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាទៅជាប្រទេសដែលមានសមត្ថភាពក្នុងការបង្កើតបច្ចេកវិទ្យា និងអភិវឌ្ឍន៍នវានវត្តន៍ដោយខ្លួនឯងដើម្បីមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។
លោកមានប្រសាសន៍ថា «ហេតុនេះហើយកម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីមួយដែលរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និតរវាងតួអង្គសំខាន់ៗដូចជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តករនៅក្នុងកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោករដ្ឋមន្រ្តី ហែម វណ្ឌឌី៖





