សិស្សជយលាភីនិទ្ទេស A ក្នុងសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ចំនួន៦៣៤នាក់ ទទួលបានរង្វាន់លើទឹកចិត្តពីថ្នាក់ដឹកនាំក្រុង និងសប្បុរសជន
27-03-2026 15:17
(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និងលោកស្រី គង់ បូទុម ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់សិស្សទទួលបាននិទ្ទេស A ចំនួន៦៣៤នាក់ ក្នុងឆមាសលើកទី១ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងនាមអាជ្ញាធរក្រុង លោក ណុប ចំរើន បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៦៣៤រូប ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងឆមាសលើកទី១ កាលពីពេលកន្លងទៅថ្មីៗ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។ តាមរយៈលទ្ធផលប្រឡង នៅក្នុងសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង នៅដើមឆ្នាំសិក្សានេះ គឺទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។
លោកអភិបាលក្រុងស្វាយរៀង បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានពូកែថែមទៀត នៅពេលរៀនបន្តនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនាពេលខាងមុខ។ លើសពីនេះ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាង ឲ្យបាននូវអំពើអបាយមុខផ្សេងៗផងដែរ។
លោកបានបន្តផ្តាំផ្ញើថា សិស្សានុសិស្សត្រូវប្រតិបត្តិខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។ ព្រមជាមួយគ្នានេះ ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង «បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ»៕























