ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង រៀបចំកិច្ចសន្ទនាអន្តរជំនាន់ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងវិស័យសាធារណៈនៅថ្នាក់ក្រោមជាតិ

27-03-2026 15:28

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដោយមានការគាំទ្រពីអង្គការ UN Women បានរៀបចំ «កិច្ចសន្ទនាអន្តរជំនាន់ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងវិស័យសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅខេត្តស្ទឹងត្រែង ដើម្បីជំរុញសមភាពយេនឌ័រ និងការចូលរួមដឹកនាំរបស់ស្ត្រីឲ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងតំណាងអង្គការ UN Women និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងស្វាគមន៍ក្នុងពិធីលោកស្រី វិន ស៊ីធួន បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រី ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកស្រីបានបន្ថែមថា កិច្ចសន្ទនាបែបនេះ មិនត្រឹមតែជួយបង្កើនសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានការសហការល្អប្រសើររវាងអ្នកដឹកនាំស្ត្រីគ្រប់ជំនាន់ផងដែរ។

បន្ថែមពីនោះទៀត លោកស្រីអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរអរគុណ ចំពោះក្រសួងកិច្ចការនារី ក៏ដូច អង្គការ UN women ដែលសម្រេចយកខេត្តស្ទឹងត្រែង ក្នុងការរៀបចំកិច្ចសន្ទនា ដែលមានតម្លៃនេះឡើង ក្នុងការចូលរួមចែករំលែក យុទ្ធសាស្ត្រ និងដំណោះស្រាយរួម ដើម្បីជំរុញភាពជាអ្នកដឹកនាំប្រកបដោយសមភាពយេនឌ័រ និងបរិយាបន្ន។ ក្នុងនោះផងដែរ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ពាក់ព័ន្ធបទពិសោធន៍ជាក់ស្តែង បញ្ហាប្រឈមក្នុងការងារ និងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហា ដោយផ្តោតលើការជំរុញកិច្ចសហការអន្តរជំនាន់ និងការបង្កើតបរិយាកាសការងារដែលមានបរិយាបន្ន និងសមភាពផងដែរ។

ក្នុងឱកាសនោះ លោក ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនាអន្តរជំនាន់នេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើតវេទិកាដែលអាចឲ្យថ្នាក់ដឹកនាំស្ត្រីជំនាន់មុន និងស្ត្រីវ័យក្មេង បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពដឹកនាំ និងលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យសាធារណៈ។

លោកបញ្ជាក់បន្ថែមថា កិច្ចសន្ទនានេះ មានគោលបំណងសំខាន់ៗ រួមមាន៖ ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឲ្យមានកិច្ចសហការបន្តរវាងថ្នាក់ដឹកនាំស្ត្រីជំនាន់មុន និងស្ត្រីវ័យក្មេង ដែលទើបចូលរួមក្នុងវិស័យសាធារណៈ នៅថ្នាក់ក្រោមជាតិ។ ព្រមទាំងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសមត្ថភាពដឹកនាំរបស់ស្ត្រី។

លើសពីនេះ ក៏ផ្តោតលើការគាំទ្រការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រីជាអ្នកដឹកនាំ តាមរយៈការស្វែងរកបញ្ហាប្រឈម ការចែករំលែកយុទ្ធសាស្ត្រ និងដំណោះស្រាយរួម ដើម្បីជំរុញភាពជាអ្នកដឹកនាំប្រកប ដោយសមភាពយេនឌ័រ និងបរិយាបន្ន។ កិច្ចសន្ទនានេះក៏មានតួនាទីសំខាន់ ក្នុងការពង្រឹងបណ្តាញទំនាក់ទំនង សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក រវាងអ្នកដឹកនាំស្ត្រីក្នុងវិស័យសាធារណៈ។

តាមរយៈកិច្ចសន្ទនានេះ លោក ថេ ឈុនហាក់ បានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍសង្គមប្រកបដោយសមភាព បរិយាបន្ន និងចីរភាពនៅកម្ពុជា៕