ឧទ្យានជាតិ​អូរយ៉ាដាវ​ ក្នុងភូមិសាស្ត្រ​ខេត្តរតនគិរី ត្រូវបានលើកយកមកពិគ្រោះយោបល់ ដើម្បីកំណត់​ និងបែងចែកតំបន់គ្រប់គ្រង

27-03-2026 15:30

(រតនគិរី)៖ ឧទ្យានជាតិអូរយ៉ាដាវ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ត្រូវបានលើកយកមកពិគ្រោះយោបល់ ដើម្បីកំណត់ និងបែងចែកតំបន់គ្រប់គ្រង។ ការប្រជុំពិគ្រោះយោបល់នេះ បានធ្វើឡើងនៅមន្ទីបរិស្ថានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ លោក ខ័ណ្ឌ​ ចំណាន អភិបាលរងខេត្តរតនគិរី​ និង​ លោក ធីវ​ សុភារិទ្ធិ​ អគ្គនាយក​រង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ​ នៃក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិខាងកេីតទន្លេមេគង្គ តំណាងកងកម្លាំង​ប្រដាប់អាវុធទាំងបីប្រភេទ​ លោកអភិបាលរងស្រុក​អូរយ៉ាដាវ​ និងស្រុកអណ្តូងមាស តំណាងមន្ទីរដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ មន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈ​ តំណាង​មន្ទីរ​អភិវឌ្ឍ​ជនបទ​ មន្ទីរ​សាធារណការ​ និងដឹកជញ្ជូន​ តំណាងមន្ទីរទេសចរ​ មេឃុំពាក់ព័ន្ធ​​​ទាំង​៦ឃុំ។

សូមជម្រាបថា ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែផ្ទៃដីពី១០១,៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥,០១៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។

បច្ចុប្បន្នតំបន់នេះកំពុងមានការប្រឈមការរុករានដីព្រៃ ការកាប់ឈើ ការបរបាញ់សត្វព្រៃ ការតាំងទីលំនៅថ្មី ការុករកនិងអាជីវកម្មរ៉ែខុសច្បាប់ និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់ ដែលសកម្មភាពទាំងនេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានគ្រោះថ្នាក់ដល់ជីវៈចម្រុះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវពិនិត្យឡើងវិញ លើការពង្រឹងកម្លាំងល្បាត អនុវត្តច្បាប់បច្ចុប្បន្ន ក៏ដូចជាការបន្ថែមធនធានមនុស្ស ជាពិសេសកម្លាំងគាំទ្រការល្បាតនៅក្នុងតំបន់ឧទ្យានជាតិអូរយ៉ាដាវ និងត្រូវរៀបចំការកំណត់ និងបែងចែកតំបន់គ្រប់គ្រង៕